(ភ្នំពេញ)៖ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយចាត់វិធានការបង្ក្រាប ឫបិទចោលទាំងស្រុង នូវទីតាំងបនល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ដែលកំពុងបើកដំណើរការទទួលភ្ញៀវ និងពពាក់ពពូនចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនោះឡើយ។
តាមរយៈបណ្ដាញសារព័ត៌មាន ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ប្រាកដជាមានវិធានការមិនខានឡើយ ចំពោះទីតាំងបនល្បែង ៨៨៨៨ ល្មើសច្បាប់មួយកន្លែងនេះ ដែលស្ថិតនៅត្រង់ចំណុចផ្ទះ (ជាតាកាហ្វេ) ចុះពីផ្លូវម៉ុងរិទ្ធីប្រហែល៣០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការរបស់ អភិបាលរាជធានីភ្នំពេញ ដែលបានចេញសេចក្ដីណែនាំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ហើយជាពិសេសសារសំឡេងរម្លឹករបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ៕


