(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងមន្ត្រីចំណុះនាយកដ្ឋាន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំយកនូវថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ជាអំណោយរបស់លោកអភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ឧបត្ថម្ភលើកទឹកចិត្តមួយចំនួន ដល់មន្ត្រីចំនួន៣៥រូប ដែលកំពុងឈរជើងតាមបណ្តាគោលដៅប្រចាំការពារនៅឃ្លាំងរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ីវិលកម្ពុជា ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
សកម្មភាពលើកទឹកចិត្តដល់មន្ត្រី ដែលកំពុងឈរជើងតាមបណ្តាគោលដៅប្រចាំការពារនៅឃ្លាំងរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ីវិលកម្ពុជា ជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ របស់នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក និងមន្ត្រីចំណុះនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ មួយចំនួនទៀត។
ឋិតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខចំពោះមន្ត្រីគ្រប់ៗរូប ដែលបានប្រើអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុសត្រូវក្នុងការឈរជើងតាមបណ្តាគោលដៅប្រចាំការពារឃ្លាំងរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ីវិលកម្ពុជា ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ ដើម្បីពង្រឹងលើការរក្សាការពារសន្តិសុខ និងសុខសុវត្ថិភាពសង្គម សំខាន់បង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ។
ដោយការយល់ឃើញពីការគិតគូ នៃទឹកចិត្តសប្បុរសធម៌ សម្រាប់មន្ត្រីដែលកំពុងឈរជើងតាមបណ្តាគោលដៅប្រចាំការពារនៅឃ្លាំងរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ីវិលកម្ពុជាទាំង៣៥រូប តាមរយៈប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុ និងមន្ត្រីពាក់ព័ន្ធ បានឆ្លៀតឱកាស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរផងដែរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យជានិច្ច លើភារកិច្ចការងារ ហើយនឹងសូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សម្រាប់អំណោយរបស់លោកអភិសន្តិបណ្ដិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នាំយកមកឧបត្ថម្ភលើកទឹកចិត្តដល់មន្ត្រីចំនួន៣៥រូប ដែលកំពុងឈរជើងតាមបណ្តាគោលដៅប្រចាំការពារនៅឃ្លាំងរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ីវិលកម្ពុជា នាពេលនេះសរុប រួមមាន៖ អង្ករចំនួន១តោន, ត្រីខកំប៉ុងចំនួន៤កេសធំ, មីម៉ាម៉ាចំនួន៤កេសធំ, អាវភ្លៀងចំនួន៣៥កំប្លេ, កន្ទេលចំនួន៣៥កន្ទេល, ម៊ុងចំនួន៣៥ម៊ុង, ភួយចំនួន៣៥ភួយ, ខ្នើយកើយចំនួន៣៥ខ្នើយ និងថវិកាក្នុងម្នាក់ៗ១០ម៉ឺនរៀល៕