(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មួយរយៈពេលកន្លងមកនេះ បានបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scam) ចំនួន១១កន្លែងផ្សេងៗគ្នា និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១០៨នាក់ (ក្នុងនោះមានស្រ្តី ចំនួន១៤នាក់) រួមទាំងវត្ថុតាងពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តនីតិវីធីច្បាប់។
នេះបើតាមការលើកឡើងរបស់ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ដែលបានរាយការណ៍ជូន លោក ថេង សុថុល អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការងារលើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន នារសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦។
លោកអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានឆ្លៀតឱកាសក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត និងត្រូវតែចុះត្រួតពិនិត្យរាល់ទីតាំងសង្ស័យទាំងឡាយ ឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងពេលចុះប្រតិបត្តិការ។
លោកអធិការនគរបាលខណ្ឌ បានបញ្ជាក់ផងដែរថា ប្រតិបត្តិការជាបន្តបន្ទាប់នេះដែរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងអនុវត្តឡើងក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសង្គម ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេស គឺការលុបបំបាត់រាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបោកប្រាស់តាមប្រព័ន្ធអនឡាញគ្រប់ទម្រង់៕

































