(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលជាសាច់ញាតិវីរកងទ័ពជួរមុខ និងកំពុងជួបការខ្វះខាត ចំនួន៣៧គ្រួសារ រស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ បានជួបសួរសុខទុក្ខ សំណេះសំណាល និងទទួលបានថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគយ៉ាងយកចិត្តទុកដាក់មួយចំនួនពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងមន្ត្រីក្រោមឱវាទ។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ៧មករា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋ ដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ និងតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងរួបរួមគ្នាជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ ពិសេស ក្រុមគ្រួសារវីរកងទ័ពជានិច្ចពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកអភិបាលបន្តថា ចំពោះការយកចិត្តទុកដាក់នេះ បានធ្វើឡើងជាបន្តបន្ទាប់ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការទំនុកបម្រុងមិនឱ្យជួបបញ្ហានៃការខ្វះខាតនោះឡើយ និងដើម្បីកុំឱ្យបងប្អូនវីរកងទ័ពជួរមុខមានការព្រួយបារម្ភសម្រាប់ក្រុមគ្រួសារសាច់ញាតិនោះទេ ពីព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារជាតិមាតុភូមិ និងបូរណភាពទឹកដី៕


































