(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានបន្តដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) របស់រាជរដ្ឋាភិបាល។
សកម្មភាពនៃប្រតិបត្តិការនេះ បានអនុវត្តឡើងតាមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅសណ្ឋាគារ ហៃឡី និងអគារពាណិជ្ជកម្ម ដែលកំពុងសាងសង់ ស្ថិតនៅក្នុងភូមិកន្ទោកជើងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦។
លោកអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ បានបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់១កន្លែង ស្ថិតនៅសណ្ឋាគារ ហៃឡី និងអគារពាណិជ្ជកម្មកំពុងសាងសង់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះជនបរទេស ចំនួន៧នាក់ និងជនជាតិខ្មែរ ចំនួន១នាក់ រួមជាមួយវត្ថុតាងសង្ស័យពាក់ព័ន្ធនឹងបទល្មើស ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




























































