(ភ្នំពេញ)៖ ប្រឡាយទឹក១ខ្សែ ដែលពោពេញទៅដោយព្រៃស្មៅដុះ និងមានសភាពគោករាក់ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បន្តដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់-ភូមិនាំយកគ្រឿងចក្រទៅកាយស្ដារឱ្យជ្រៅ និងសម្អាតឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព និងត្រៀមរំដោះការជន់លេចដោយសារជំនន់ទឹកភ្លៀង នារដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋ។
បើតាម លោកអភិបាលខណ្ឌកំបូល សម្រាប់សកម្មភាពនៃការសម្អាត និងស្ដារប្រឡាយនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ សម្រាប់បម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពង្ររ ភូមិផ្លាំង និងភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦។
លោកអភិបាលខណ្ឌបន្តថា ចំពោះការដាក់គ្រឿងចក្រ ដើម្បីធ្វើការសម្អាត និងស្ដារប្រឡាយឱ្យជ្រៅ ដើម្បីលើកកម្ពស់សោភ័ណភាព និងត្រៀមលក្ខណៈជាមុន សម្រាប់បង្ការ ទប់ស្កាត់ នៃការលេចលង់តាមដងផ្លូវ ពិសេសផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង នារដូវវស្សា និងបានអនុវត្តឡើងចាប់ពីវត្តពោធិ៍វ័ន្ត រហូតដល់សាលាបឋមសិក្សាទួលស្នោរ ក្រោយពីទទួលបានផែនការដឹកនាំជម្រុញជាបន្តបន្ទាប់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕




































