(ភ្នំពេញ)៖ អភិបាលខណ្ឌ៧មករា លោកថេង សុថុល បានលើកឡើងថា អតីតយុទ្ធជន និងនិវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ និងជាវីរបុរស ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ឈាម និងជីវិត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនប្រទេសជាតិ ដូច្នេះយើងត្រូវដឹងគុណ ព្រោះពួកគាត់បានលះបង់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។
ការលើកឡើងបែបនេះ ក្នុងពិធីប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌ៧មករា នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន តំណាងស្ថាប័នពាក់ព័ន្ធ និងសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនជាច្រើនរូប។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ លោក ថេង សុថុល បានថ្លែងថា អតីតយុទ្ធជន និងនិវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ និងជាវីរបុរស ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ឈាម និងជីវិត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនប្រទេសជាតិ។ ដូច្នេះ ការគោរព ការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះពួកគាត់ គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ៧មករា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជន និវត្តជន ជនភៀសសឹក និងក្រុមគ្រួសារទាំងអស់ ដោយសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូន ដែលបានលះបង់កម្លាំងកាយចិត្ត និងស្នាដៃដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកន្លងមក៕











































