(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារអង្គភាពសារព័ត៌មាន លោក សេង កុសល់ បានឱ្យដឹងថា ចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង «ដុះស្លែ» យីហោ «តាកូកា» ដែលតែងតែបិទម៉ាស៊ីនចោល នៅពេលសមត្ថកិច្ច និងអ្នកសារព័ត៌មាន សហការចុះពិនិត្យជាក់ស្ដែង និងធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រព្រឹត្តល្បែងស៊ីសងល្មើសច្បាប់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយតែងតែលួចបើកទទួលភ្ញៀវចូលចាក់ភ្នាល់ជាធម្មតាឡើងវិញ នៅពេលអាជ្ញាធរមានសមត្ថកិច្ច និងអ្នកសារព័ត៌មានចេញផុតនោះ «មិនឃើញបើកនោះឡើយ» បើគិតត្រឹមល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ «ដុះស្លែ» យីហោ «តាកូកា» នេះឋិតនៅខាងក្រោយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ចុះពីផ្លូវលេខ១៩៨៦ ប្រហែល៥០ម៉ែត្រ នៅត្រង់ចំណុចផ្ទះ ដែលមានតារាងបាល់ និងបុកប៊ីយ៉ែ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋ សំណូមពរតាមរយៈបណ្ដាញសារព័ត៌មានដល់ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឱ្យជួយចាត់វិធានការបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុងជាបន្តបន្ទាប់កាលពីកន្លងមក និងពេលថ្មីៗនេះ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញនូវផែនការសំខាន់ៗ ពិសេសឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបល្បែងគ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ កន្ទុយលេខ អាប៉ោង បៀរ និងជល់មាន់ ជាដើម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា លោក ចេង មុនីរ៉ា កន្លងមកបានបញ្ជាឱ្យកម្លាំងអាជ្ញាធរសង្កាត់ និងប៉ុស្ដិ៍រដ្ឋបាលចុះប្រតិបត្តិការបង្ក្រាប និងធ្វើកិច្ចសន្យាបិទចោលទាំងស្រុងម្ដងរួចមកហើយ ចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៩ ល្មើសច្បាប់ (ដុះស្លែ) យីហោ «តាកូកា» បន្ទាប់ពីលោកអភិបាលខណ្ឌ បានទទួលយកសំណូមពរពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន ដើម្បីរកដំណោះស្រាយ តាមរយៈការបង្ការ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបតាមផ្លូវច្បាប់ ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀយថា ជាក់ស្ដែង និងស្ងាត់ៗកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ «ដុះស្លែ» យីហោ «តាកូកា» បានលួចបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើមជាធម្មតាឡើងវិញ ដោយពុំមានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ដែលបានបង្ហាញអំពីការបំពានកំណត់ហេតុនៃកិច្ចសន្យា និងជាការផ្គើនចំពោះបទបញ្ជា របស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់សំណូមពរជាបន្តបន្ទាប់ ដើម្បីឱ្យជួយចាត់វិធានការបង្ក្រាប និងបិទចោលទាំងស្រុង ដោយគ្មានការបើក ឫលួចបើកឡើងវិញជាដាច់ខាតចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ «ដុះស្លែ» យីហោ «តាកូកា» បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
























