Boostrong

អភិបាលខណ្ឌមានជ័យ ចាត់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបល្បែងឆ្នោតឡូតូអនឡាញ ៨៨៨៨ មួយកន្លែងទៀត នៅសង្កាត់ស្ទឹងមានជ័យទី២ ឃាត់មនុស្ស៥នាក់ និងវត្ថុតាង ក្រោយបង្ក្រាបនៅសង្កាត់បឹងទំពន់ទី១ ឃាត់មនុស្ស២នាក់ និងវត្ថុតាង  

សន្តិសុខសង្គម
ចុះថ្សាយថ្ងៃ​ អង្គារ ១០-កញ្ញា-២០២៤

(ភ្នំពេញ)៖ ល្បែងឆ្នោតឡូតូអនឡាញ ៨៨៨៨ ១កន្លែងទៀតហើយ ជាមួយវត្ថុតាងពាក់ព័ន្ធ សកម្មភាពប្រព្រឹត្តល្បែងមួយចំនួន និងមនុស្សចំនួន៥នាក់ (ស្រីម្នាក់) ត្រូវបានឃាត់ និងបង្ក្រាបបិទចោលទាំងស្រុង ហើយនឹងដកហូតមករក្សាទុក ដើម្បីបន្តនិតិវិធី ដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ត្រឹមប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ពីបណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋ ជាពិសេស បទបញ្ជារបស់លោកអភិបាលខណ្ឌ សេង គន្ធ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

បើតាមលោក សេង គន្ធ នៅក្នុងកិច្ចសហការបង្ក្រាបទីតាំងល្បែងឆ្នោតឡូតូអនឡាញ ៨៨៨៨ មួយកន្លែងនេះ ក្រៅពីធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ (ស្រីម្នាក់) បញ្ជូនមកប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីបន្តនិតិវិធី គឺបានដកហូតវត្ថុតាងមួយចំនួនទៀត មករក្សាទុកបណ្ដោះអាសន្ន នៅសាលាខណ្ឌ ដែលពាក់ព័ន្ធសកម្មភាពប្រព្រឹត្តល្បែង មានដូចជា laptop ១គ្រឿង, ទូរសព្ទដៃ៤គ្រឿង ក្នុងនោះមាន iPhone ១គ្រឿង, Oppo ១គ្រឿង, Vivo ១គ្រឿង, និង Huawei ១គ្រឿង និងបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកអភិបាលខណ្ឌមានជ័យ បានឲ្យដឹងផងដែរថា ក្រោយពីបង្ក្រាបល្បែងស៊ីសងឡូតូអនឡាញ ៨៨៨៨ និងបានធ្វើកំណត់ហេតុបិទចោលទាំងស្រុង សម្រាប់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៅតែបន្តអនុវត្ត យ៉ាងយកចិត្តទុកដាក់នូវរាល់ការទប់ស្កាត់ និងបង្ក្រាបក្នុងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បើទោះបីជាទទួលបាន ឫមិនទាន់ទទួលបានសេចក្ដីរាយការណ៍ណាមួយ ពីបណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋក៏ដោយ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ និងតាមការជំរុញពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៀងវៃ ពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា លោក សេង គន្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងជាអភិបាលខណ្ឌ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់ឲ្យលោកចៅសង្កាត់បឹងទំពន់ទី១ និងលោកនាយប៉ុស្តិ៍ដឹកនាំកម្លាំងសមត្ថកិច្ច និងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចុះបង្រ្កាបទីតាំងល្បែងស៊ីសង (ឡូតូអនឡាញ ៨៨៨៨) ១កន្លែងរួចមកហើយដែរ ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និងបាននាំខ្លួនមនុស្សស្រី២នាក់ ទៅសាកសួរតាមជំនាញនៅប៉ុស្តិ៍ ហើយនឹងដកហូតវត្ថុតាងមួយចំនួន ទៅរក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌ ដែលបម្រើឲ្យសកម្មភាពលួចបើកល្បែងភ្នាល់ខុសច្បាប់ មានដូចជា លុយចំនួន៥១០,០០០រៀល, កុំព្យូទ័រ Laptop ចំនួន២គ្រឿង, ដុំ WIFI ១គ្រឿង, ទូរសព្ទដៃ២គ្រឿង ដែលមានម៉ាក iPhone ១១ Pro Max និង iPhone ១១ Pro ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីបណ្ដាញសារព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1725973339348-photo_4_2024-09-10_18-16-29.jpghttps://api.whitetigertv-asia.com/uploads/images/1725973352412-photo_1_2024-09-10_18-16-29.jpghttps://api.whitetigertv-asia.com/uploads/images/1725973358258-photo_3_2024-09-10_18-16-29.jpghttps://api.whitetigertv-asia.com/uploads/images/1725973367194-photo_2_2024-09-10_18-16-29.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong