Boostrong

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ចេញសេចក្តីបញ្ជាក់ព័ត៌មាន ដោយមិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទានណាមួយពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននោះទេ

បច្ចេកវិទ្យា
ចុះថ្សាយថ្ងៃ​ ចន្ទ ២៣-ធ្នូ-២០២៤

(ភ្នំពេញ)៖ ថ្មីៗនេះមានការផ្សព្វផ្សាយមតិយោបល់លើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងមន្ទិលសង្ស័យលើ ករណីដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ធ្វើការប្រមូល និងកំណត់ចំនួនថវិកា វិភាគទានពីថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីទ្រទ្រង់លើចំណាយនៃការរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នាពេលឆាប់ៗខាងមុខ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការបញ្ជាក់ជូនដល់ សាធារណជនទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥ខាងមុខ។ ចំពោះការចំណាយលើការរៀបចំកម្មវិធីសន្និបាតខាងលើនេះ អគ្គនាយកដ្ឋាន មានកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ចំណាយ បានគ្រប់គ្រាន់ ដោយមិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទានណាមួយពី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននោះទេ។

ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីខ្លួនតាមរយៈការកំណត់ជាគោល ការណ៍លើកទឹកចិត្ត និងផ្តល់ថវិកាសប្បុរសធម៌ជូនដល់មន្ត្រីគ្រប់រូប ប្រកបដោយមនោសញ្ចេតនាស្រលាញ់ រាប់រានដ៏ជ្រាលជ្រៅ ដូចជា ការចូលរួមចំណងដៃអាពាហ៍ពិពាហ៍ ការសម្រាលកូន ពិធីបុណ្យសព ចំណាយថ្លៃ ព្យាបាលជំងឺ និងការចំណាយលើកម្មវិធីកម្សាន្តសប្បាយនានាជាដើម។ល។

ក្នុងន័យនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានការហួស ចិត្តចំពោះករណីខាងលើជាខ្លាំង ហើយក៏រីករាយចំពោះការលើកឡើងនូវមតិយោបល់ប្រកបដោយសុភវិនិច្ឆ័យ ខ្ពស់មកលើភាពត្រឹមត្រូវនិងសេចក្តីថ្លៃថ្នូររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយ មិនជឿលើការលើកឡើងដោយមិនសមហេតុផលនោះឡើយ។ អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong