New Ads

អភិបាលខណ្ឌសែនសុខ ជំរុញឲ្យធានាគុណភាព លើការស្ថាបនាផ្លូវបេតុងថ្មីប្រវែង៦០០ម៉ែត្រ នៅសង្កាត់អូរបែកក្អម

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន មិនត្រឹមតែផ្តោតលើការមានផ្លូវថ្មី សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឲ្យបានទាំងគុណភាព ភាពរឹងមាំ និងអាយុកាលប្រើប្រាស់បានយូរអង្វែង។ ការណែនាំនេះរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកមួយខ្សែ នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អមកាល ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីបើកការដ្ឋាននេះ មានការចូលរួមពីលោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោក-លោកស្រីប្រធានការិយាល័យជំនាញជុំវិញខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ លោកមេភូមិ តំណាងក្រុមហ៊ុនទទួលការសាងសង់ និងប្រជាពលរដ្ឋ។ លោក ចេង មុនីរ៉ា បានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ និងក្រុមការងារបច្ចេកទេសឲ្យអនុវត្តការងារដោយយកចិត្តទុកដាក់ខ្ពស់ ពិសេសការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានដែលបានកំណត់ ដើម្បីឲ្យសមិទ្ធផលដែលកើតចេញពីគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៦នេះ មានគុណភាព និងអាចបម្រើប្រយោជន៍ប្រជាពលរដ្ឋបានយូរអង្វែង។

លោក ចេង មុនីរ៉ា ក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងការដ្ឋានឲ្យបានល្អ ដោយត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងកាត់បន្ថយការរំខានដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលសាងសង់ ព្រមទាំងត្រូវពន្លឿនការងារឲ្យបានរួចរាល់តាមពេលវេលាកំណត់។ ទន្ទឹមនឹងការណែនាំដល់ក្រុមហ៊ុន លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមសហការ និងយោគយល់អធ្យាស្រ័យចំពោះការរំខានដែលអាចកើតមានក្នុងអំឡុងពេលអនុវត្តគម្រោង។ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលកំពុងកើតមាននេះ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ប្រយោជន៍ជាក់ស្តែងដល់សហគមន៍។

សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវនេះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៦។ ផ្លូវដែលត្រូវស្ថាបនា មានប្រវែង ៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានផ្ទៃក្រឡាសរុប ៣.០០០ម៉ែត្រការ៉េ។ តាមលក្ខណៈបច្ចេកទេស ផ្លូវនេះជាផ្លូវបេតុងគ្មានសរសៃដែក ដោយមានគ្រឹះថ្មមិច M30 កម្រាស់១០សង់ទីម៉ែត្រ និងស្រទាប់បេតុងមានកម្រាស់១៥សង់ទីម៉ែត្រ។ ហើយក្រុមហ៊ុនដែលទទួលបានគម្រោងឈ្មោះ កែម សុធារ័ក្ស ក្នុងតម្លៃកិច្ចសន្យាចំនួន ៨៦.៧០០.០០០រៀល៕

https://api.whitetigertv-asia.com/uploads/images/1789046616222-photo_2026-09-10_20-21-00.jpghttps://api.whitetigertv-asia.com/uploads/images/1789046616223-photo_2026-09-10_20-21-05.jpghttps://api.whitetigertv-asia.com/uploads/images/1789046616223-photo_2026-09-10_20-21-23.jpghttps://api.whitetigertv-asia.com/uploads/images/1789046616225-photo_2026-09-10_20-21-29.jpghttps://api.whitetigertv-asia.com/uploads/images/1789046616225-photo_2026-09-10_20-21-33.jpghttps://api.whitetigertv-asia.com/uploads/images/1789046616227-photo_2026-09-10_20-21-39.jpghttps://api.whitetigertv-asia.com/uploads/images/1789046616227-photo_2026-09-10_20-21-44.jpghttps://api.whitetigertv-asia.com/uploads/images/1789046616227-photo_2026-09-10_20-21-49.jpghttps://api.whitetigertv-asia.com/uploads/images/1789046616228-photo_2026-09-10_20-21-53.jpghttps://api.whitetigertv-asia.com/uploads/images/1789046616230-photo_2026-09-10_20-21-59.jpghttps://api.whitetigertv-asia.com/uploads/images/1789046616230-photo_2026-09-10_20-22-05.jpghttps://api.whitetigertv-asia.com/uploads/images/1789046616230-photo_2026-09-10_20-22-26.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads