(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ក្រោមបញ្ជាដឹកនាំរបស់លោក សេង គន្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានឆ្មក់បង្ក្រាបល្បែងស៊ីសងឡូតូអនឡាញ ចំនួន២ទីតាំងផ្សេងគ្នា និងឃាត់ខ្លួនមនុស្សស្រី ចំនួន៣នាក់ ជាអ្នកកាន់ឡូតូ។ ប្រតិបត្តិការឆ្មក់បង្ក្រាបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សេង គន្ធ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីទីតាំងបនល្បែងស៊ីសងឡូតូអនឡាញខុសច្បាប់ ក៏បានចាត់ឲ្យលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ លោកនាយប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះឡោមព័ទ្ធបង្ក្រាបទីតាំងល្បែងឡូតូភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកកាន់ឡូតូស្រីចំនួន៣នាក់ រួមទាំងដកហូតសម្ភាររួមមាន៖ កុំព្យូទ័រ៣គ្រឿង និងទូរសព្ទដៃ៣គ្រឿង។
បច្ចុប្បន្នអ្នកកាន់ឡូតូចំនួន៣នាក់ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដើម្បីសាកសួរ ហើយសម្រាប់សម្ភារពាក់ព័ន្ធ ត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃ បានប្រកាសឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះការផ្សព្វផ្សាយនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕