ខ្លាសអាស៊ីធីវី

មានសេរីភាពវិញហើយ លោក ពេជ ពិសិដ្ឋ ព្រោះត្រូវតំណាងអយ្យការដោះលែង

បច្ចេកវិទ្យា
ចុះថ្សាយថ្ងៃ​សៅរ៍ ០៨-កុម្ភៈ-២០២៥
ម៉ោង០៣:០១នាទី និង៣៧វិនាទីរសៀល

(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន ចំពោះលោក ពេជ ពិសិដ្ឋ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សម្រាប់ករណី ដែលសមត្ថកិច្ចកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ឱ្យចូលខ្លួនបំភ្លឺនោះ គឺមិនមែនដោយសាររឿងរូបគេជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិនោះទេ ប៉ុន្តែជាបទចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្ដាញសង្គម ដូច្នេះសូមសាធារណជនកុំមានការយល់ច្រឡំចំពោះសមត្ថកិច្ច និងស្ថាប័នតុលាការឱ្យសោះ។

សូមជម្រាបថា នាពេលថ្មីៗនេះ បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅសាមុត ពិសិដ្ឋ បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានអនឡាញមួយ ដោយបានអះអាងថាខ្លួនជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិ ដែលធ្វើឱ្យសាធារណជនក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ដែលករណីនេះធ្វើឱ្យពាក់ព័ន្ធនឹងផ្លូវច្បាប់។ ក្រោយមក ក៏មានការកោះហៅឱ្យបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះចូលខ្លួនបំភ្លឺចំពោះមុខសមត្ថកិច្ច ខណៈសាធារណជនមួយចំនួនយល់ច្រឡំថា ការកោះហៅឱ្យបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ រូបនេះ គឺដោយសារតែរូបគេអះអាងថាខ្លួនជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិ ព្រមទាំងបានបង្ហាញការអាណិតអាសូរ និងស្នើសុំទៅកាន់សមត្ថកិច្ចឱ្យគ្រាន់តែផ្ដល់ការអប់រំដល់បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ រូបនេះបានហើយ សូមកុំយកទោសអូសដំណើររូបគេអី។

ដើម្បីបញ្ជាក់ជូនសាធារណជនឱ្យកាន់តែច្បាស់លាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា ផ្អែកតាមលិខិតកោះហៅឱ្យចូលខ្លួនបំភ្លឺដំបូង សមត្ថកិច្ចគ្រាន់តែឱ្យបុគ្គលរូបនេះចូលខ្លួនធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះមិនបានបញ្ឈប់សកម្មភាពនោះទេ ហើយថែមទាំងបន្តផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានពន្យល់ថា ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ បុគ្គលរូបនេះបានផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។ សមត្ថកិច្ចជំនាញក៏បានសម្រេចឃាត់ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះ គឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម។

ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបានសារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន ដោយសន្យាថាមិនប្រព្រឹត្តអំពើល្មើសច្បាប់តទៅទៀតឡើយ តំណាងអយ្យការបានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕

https://api.whitetigertv-asia.com/uploads/images/1739026114412-photo_2025-02-08_21-43-00.jpghttps://api.whitetigertv-asia.com/uploads/images/1739026118805-photo_2025-02-08_21-43-05.jpghttps://api.whitetigertv-asia.com/uploads/images/1739026123158-photo_2025-02-08_21-43-10.jpghttps://api.whitetigertv-asia.com/uploads/images/1739026127468-photo_2025-02-08_21-43-15.jpghttps://api.whitetigertv-asia.com/uploads/images/1739026131686-photo_2025-02-08_21-43-20.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី