(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី១កន្លែង ឃាត់ខ្លួនបុគ្គលិក និងភ្ញៀវដែលជាអ្នកលេងស្រីប្រុសចំនួន៩នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពល្បែងស៊ីសងមួយចំនួន។
សកម្មភាពនៃការបង្ក្រាបល្បែងហ្គេមបាញ់ត្រីនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងបានអនុវត្តឡើង ស្ថិតនៅចំណុចក្បែរចំណតរថយន្តជាន់ផ្ទាល់ដីនៃអគារខុនដូរមួយកន្លែង ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលាម៉ោង១៨៖៣០នាទីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤។
សម្រាប់ប្រតិបត្តិការនេះដែរ ក្រៅពីឃាត់ខ្លួនបុគ្គលិក និងភ្ញៀវដែលជាអ្នកលេងស្រីប្រុសចំនួន៩នាក់ ក្នុងការបញ្ជូនបន្ត ដើម្បីចាត់ការតាមនិតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដកហូតវត្ថុតាងមួយចំនួនទៀត រួមមាន៖ ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង, ទូបៀរ៤គ្រឿង, កុំព្យូទ័រ៣គ្រឿង និងកៅអីមួយចំនួនទៀត បញ្ជូនមករក្សាទុកនៅសាលាខណ្ឌ៕