(ភ្នំពេញ)៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រី សុខសិរីរាពង្សវឌ្ឍនៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងគ្មានសារធាតុញៀន ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស (លួចមានស្ថានទម្ងន់ទោស) និងដកហូតវត្ថុតាងមួយចំនួន ដែលជាចោរធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ជាជនជាតិអូស្រ្តាលីបានសម្រេច ហើយរត់គេចខ្លួនបាន៤ថ្ងៃប៉ុណ្ណោះ ពោលគឺឋិតក្រោមការតាមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបង្ក្រាបដោយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា មុនឃាត់ខ្លួនបានជនស្ស័យ គឺកម្លាំងសមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពិសេសការបញ្ជាឲ្យធ្វើការស្រាវជ្រាវតាមជំនាញភ្លាមៗពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឋិតក្រោមការសម្របសម្រួលនីតិវិធីពី លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំជម្រុញដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលផែនការងារនគរបាលយុត្តិធម៌ និងស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។
លោកវរសេនីយ៍ឯក អេង សោភា បានឲ្យដឹងទៀតថា ចំពោះការតាមស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាចោរឆក់រយៈពេល៤ថ្ងៃទើបបានសម្រេចនេះ បានអនុវត្តឡើងនៅត្រង់ចំណុចក្រុម១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៨៖២០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះ ជាជនជាតិអូស្រ្តាលី នៅតាមបណ្ដោយកំណាត់ផ្លូវលេខ៦៣ កែងផ្លូវលេខ៣០៦ ក្នុងភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង០៧៖៣០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1IC-4258 ជាមធ្យោបាយជិះសម្រាប់ធ្វើសកម្មភាព រួមជាមួយសម្ភាររបស់ជនរងគ្រោះ ដែលមានដូចជា លិខិតឆ្លងដែន១ក្បាល (RA75155782), កាបូបយួរដៃម៉ាក Wallet១, កាបូបលុយម៉ាក Boss១, កាតការងារ២, កាតធនាគារ១, ក្បាលនាឡិកា១ ម៉ាក Tissot, លុយ USD គ្មាន, លុយខ្មែរគ្មាន, លុយមីយ៉ាន់ម៉ា២៨០០០, លុយវៀតណាម៨០០០ដុង និងលុយឡាវចំនួន១៤៦៥០០។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ GOULDING BRETT GRAHAME ភេទប្រុស អាយុ៤៨ឆ្នាំ សញ្ជាតិអូស្ត្រាលី ជនជាតិអូស្ត្រាលី មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ RA7515782 ស្នាក់នៅបន្ទប់លេខ៣៩០២ ខុនដូរថែមស្វែរ៥ ផ្លូវលេខ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដោយបានបាត់បង់សម្ភារក្នុងកាបូប រួមមានដូចជា លិខិតឆ្លងដែន១ក្បាល (RA75155782), កាបូបលុយម៉ាក Wallet១, កាតការងារ១, កាតធនាគារ១, លុយ USD ៣០០ដុល្លារ, លុយខ្មែរប្រហែល៤០ម៉ឺនរៀល, លុយមីយ៉ាន់ម៉ាប្រហែល៦០០ដុល្លារ, លុយវៀតណាមប្រហែល២០០ដុល្លារ, លុយឡាវប្រហែល២០០ដុល្លារ ហើយចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕






















