(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោកបានធ្វើការតាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ចំពោះជនសង្ស័យចំនួន៩នាក់ ដែលរកឃើញជាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ក្រោយពីទទួលបានបទបញ្ជាដឹកនាំយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការអនុត្តជម្រុញពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងទៀតថា ចំពោះការតាមស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីកម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្ដិ៍នគរបាល ហើយបានអនុវត្តឡើងនៅវេលាម៉ោង២២៖៣០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីក្រុមជនសង្ស័យទាំង៩នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៣ (ត្រង់ចំណុចវត្តជន្លង់ម្លូ) ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ជនសង្ស័យប្រុសទាំង៩នាក់ ដែលកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាន រួមមាន៖ ១-ឈ្មោះ ចាន់ ផានុន ហៅអាសាក់ អាយុ១៨ឆ្នាំ, ២-ឈ្មោះ ថន ប៊ុនលាប ហៅអាលាប អាយុ ១៨ឆ្នាំ, ៣-ឈ្មោះ ព្រយ ចំរើន ហៅអាតឿ អាយុ១៩ឆ្នាំ, ៤-ឈ្មោះ រិទ្ធ សង្ហា ហៅអាប៉ែរ អាយុ១៨ឆ្នាំ, ៥-ឈ្មោះ ភឿន សំណាង ហៅអាណាង អាយុ១៨ឆ្នាំ, ៦-ឈ្មោះ ថាត មេសា ហៅអាបឹម អាយុ១៨ឆ្នាំ, ៧-ឈ្មោះ រ៉ាត់ ណារិន ហៅអារិននអាយុ១៨ឆ្នាំ, ៨-ឈ្មោះ សំអាង បញ្ញា ហៅអាញ្ញា អាយុ១៩ឆ្នាំ និង៩-ឈ្មោះ ទាវ តូ ហៅអាតូ អាយុ២២ឆ្នាំ។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៩នាក់ ត្រូវបានបន្តកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕























