(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា ដែលក្រុមនេះមានឈ្មោះថា ECT (អ៊ីឈិតាន់)។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ១៥នាក់ ដែលមានឈ្មោះ (អ៊ីឈិតាន់) ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា គឺករណីលួចម៉ូតូនៅមូលដ្ឋានសង្កាត់ព្រៃស ឃាត់បានជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់ ចាប់ឃាត់ខ្លួនបាននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម្នាក់ទៀតនៅខណ្ឌដង្កោ ជាមួយករណីកាប់ប្លន់១២នាក់ទៀត នៅក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម និងហិង្សា១ករណីនៅមូលដ្ឋានសង្កាត់ដង្កោ ឃាត់ខ្លួន១នាក់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញរួមជាមួយប៉ុស្តិ៍រដ្ឋបាលទាំង១២ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលស្រុកស្អាង អធិការដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការខ្លួនជនសង្ស័យ១២នាក់ ដែលប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ទៀតថា ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉ាំងតោដេញកាប់ជនរងគ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវលេខ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ (ឃាត់ខ្លួនបានជនសង្ស័យ៧នាក់)។ ករណីទី២ លួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកថី ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ៥នាក់ និងដកហូតវត្ថុតាង មានដូចជា ផ្លាកលេខម៉ូតូចំនួន៣ កាំបិតបាំងតោ១ ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូចំនួន៧គ្រឿង។
លោកអធិការនគរបាលខណ្ឌដង្កោបន្តថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេងទៀត ដូចជានៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចំនួន២ករណី និងនៅលើផ្លូវលេខ២១ មុខការ៉ាសសាំងអ៊ីឡៃផេង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ១ករណីទៀត និងក្រៅពីនេះ មានលួច២ករណីទៀតផងដែរ ស្ថិតនៅសង្កាត់ព្រៃស និងនៅសង្កាត់ដង្កោ ជាករណីហិង្សា។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនិតិវិធី៕