ខ្លាសអាស៊ីធីវី

ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឱ្យកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ តាមបង្ក្រាបក្រុមឆ្កិះសោររបងលួចម៉ូតូ៣នាក់ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ

សន្តិសុខសង្គម

(ភ្នំពេញ)៖ របាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ, លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ជាមួយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចាត់ឱ្យលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនជំនាញព្រហ្មទណ្ឌ បន្តដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្ដិ៍ បើកការស្រាវជ្រាវភ្លាមៗ និងឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញា ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលពាក់ព័ន្ធអំពីលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ២គ្រឿងម៉ាកសេ១២៥ និងម៉ាកនិច) ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣ និង៤០នាទី។

បើតាមលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ចដោយផ្ទាល់ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនៃការតាមស្រាវជ្រាវប្រម៉ាញ់ និងឈានដល់ការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ចំពោះមុខសញ្ញាជនសង្ស័យទាំង៣នាក់ ក្នុងចំណោម៤នាក់ របស់ជនរងគ្រោះខាងលើនេះ ត្រូវបានអនុវត្តឡើង ស្ថិតនៅចំណុចភូមិសាស្ត្រភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោ គួច សុភា បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាបបាន រួមមាន៖ ១-ឈ្មោះ កែវ វេហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្គកត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន និងមានសារធាតុញៀន)។ ២-ឈ្មោះ សន លាភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ឃាត់ខ្លួន និងមានសារធាតុរញៀន)។ ៣-ឈ្មោះ សុខ ដេវីដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្គកត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន និងគ្មានសារធាតុរញៀន)។

ជនរងគ្រោះ៖ ១-ឈ្មោះ គង់ សុគុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ២-ឈ្មោះ ហើយ សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារបាត់បង់៖ ១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ចាម ១AA-៩០៨២ (របស់ឈ្មោះ គង់ សុគុន) ២-ម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១FB-៨៤២៤ (របស់ឈ្មោះ ហើយ សុគន្ធា)។ សម្រាប់សម្ភារបន្សល់ទុក៖ មានរូបភាពសកម្មភាពក្រុមជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព។

ដំណើររឿង៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣៖៤០នាទី មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គង់ សុគុន និងឈ្មោះ ហើយ សុគន្ធា បានទុកម៉ូតូម៉ាកសេ១២៥ និងម៉ាកនិច នៅបរិវេណបន្ទប់ជួលជាន់ផ្ទាល់ដី រួចជនរងគ្រោះទាំងពីរ ក៏បានឡើងទៅដេករៀងៗខ្លួន។ លុះព្រឹកឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះទាំងពីរ ក៏បានចុះមកយកម៉ូតូជិះ ស្រាប់តែឃើញបាត់ម៉ូតូទៅហើយ។ បន្ទាប់មកជនរងគ្រោះទាំងពីរ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឱ្យជួយស្រាវជ្រាវ។

ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យបន្ទប់ជួល (ទីតាំងកើតហេតុ) ដោយឃើញទ្វាររបងបន្ទប់ជួលចំហរ និងមេសោរនៅស្រយ៉ូវទ្វាររបងម្ខាង (ត្រូវបានឆ្កិះបើក) និងបន្តឆែករូបភាពក្នុងកាមេរ៉ាសុវត្ថិភាព និងឃើញពីសកម្មភាពជនសង្ស័យជាមនុស្សប្រុសចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកអ៉ឹមស្លាស់ ពណ៌ក្រហម និងម៉ាកសេ១២៥ ពណ៌ក្រហម ចូលមកធ្វើសកម្មភាពឆ្កិះសោរទ្វាររបងបន្ទប់ជួល លួចយកម៉ូតូ២គ្រឿងរបស់ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួនបាត់។

លុះដល់ល្ងាចថ្ងៃទី២២ ខែកក្កដា សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងទទួលបានតម្រុយខ្លះៗ ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សន លាភ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ដើម្បីយកមកធ្វើការសាកសួរតាមជំនាញ។ បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ សន លាភ កម្លាំងសមត្ថកិច្ច បានឈានដល់ការឃាត់ខ្លួនជនសង្ស័យបន្ថែម២នាក់ទៀត ឈ្មោះ កែវ វេហា និងឈ្មោះ សុខ ដេវីដ និងបានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ រូបខ្លួន និងបក្ខពួក៤នាក់ រួមមាន៖ ឈ្មោះ កែវ វេហា, ឈ្មោះ សន លាភ ហៅចយ, ឈ្មោះ សុខ ដេវីដ ហៅជ្រុយ, និងឈ្មោះ ស៊ាំ ជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពលួចយកម៉ូតូម៉ាកសេ១២៥ និងម៉ាកនិច ចំនួន២គ្រឿង របស់ជនរងគ្រោះ ហើយសម្រាប់ម៉ូតូ២គ្រឿងដែលលួចបាន គឺបក្ខពួកខ្លួនបានយកទៅលក់ ដោយពុំបានដឹងពីទីកន្លែងនោះឡើយ៕

https://api.whitetigertv-asia.com/uploads/images/1753348134689-01.jpghttps://api.whitetigertv-asia.com/uploads/images/1753348134691-02.jpghttps://api.whitetigertv-asia.com/uploads/images/1753348134693-03.jpghttps://api.whitetigertv-asia.com/uploads/images/1753348134694-04.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី