(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទចាប់ប..ង្ខាំង ជនជាតិកូរ៉េ និងធ្វើទារុ..ណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងមួយកន្លែងនៅចំណុចហាងកាហ្វេ TEMPLE ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង និងមួយកន្លែងទៀត នៅចំណុចសណ្ឋាគារ ៨៨៩ ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅយប់ថ្ងៃទី២១ រហូតដល់ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៥នាក់ រួមមាន៖ ១-ឈ្មោះ ZHAO YUNLONG ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EEI877707, ២-ឈ្មោះ XU TONGHUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE7877069, ៣-ឈ្មោះ DO YONGZHI ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន), ៤-ឈ្មោះ ZHENG MING ZIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) និង*៥-ឈ្មោះ ភុំ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកបើកបរ)។ ចំណែកជនរងគ្រោះ នៅក្នុងហេតុការណ៍នេះមានឈ្មោះ HA CHEONGIL ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M087L6505។
សមត្ថកិច្ចបានបញ្ជាក់ពីដំណើររឿង មុនឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពីបទចាប់បង្ខាំង ជនជាតិកូរ៉េ និងធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ យ៉ាងដូច្នេះថា៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២០៖៣០ បុរសជាជនរងគ្រោះ បានជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRUS ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BK-2195 មកចតនៅទីតាំងកើតហេតុ ហើយបានដើរចូលទៅក្នុងហាងកាហ្វេ TEMPLE ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រហូតដល់ម៉ោងប្រហែល ២១៖៥០ ជនរងគ្រោះបានដើរចេញពីហាងកាហ្វេ ហើយមករថយន្តវិញ ពេលដើរទៅដល់រថយន្ត ក៏ស្រាប់តែមានជនសង្ស័យ៥នាក់ខាងលើ ជិះរថយន្ត១គ្រឿងម៉ាក GAC ពណ៌ខ្មៅ ផ្លាកលេខ 2CI-7687 បានចាប់ជនរងគ្រោះ ឡើងជិះរថយន្តជិះគេចខ្លួនបាត់ទៅ។
ក្រោយមកសន្តិសុខ ក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចេញជួយអន្តរាគមន៍ ហើយក៏បានឃើញរថយន្តរបស់ជនសង្ស័យបើកត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យឈ្មោះ ZHAO YUNLONG និងបន្តទៅឃាត់ខ្លួនជនសង្ស័យ៤នាក់ បានបន្តបន្ទាប់ទៀត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០ ដោយកម្លាំងរបស់អធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ នៅចំណុចសណ្ឋាគារ ៨៨៩ ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយបានបន្តឆែកឆេរត្រួតពិនិត្យរកឃើញកាំភ្លើង១ដើមម៉ាក K54, បង់២, គ្រាប់៩គ្រាប់, ដំបងដែក១, វិទ្យុទាក់ទង៣, ស្រោមកាំភ្លើងជ័រ១, ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន១១២គ្រាប់, លិខិតឆ្លងដែន២ក្បាល និងទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
