Boostrong

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិនឹងមានកម្លាំងពលកម្មរឹងមាំ នាំឲ្យជាតិរីកចម្រេីន

កីឡា-សុខភាព

កីឡា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិ នឹងមានកម្លាំងពលកម្មរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការលើកឡើង របស់សម្តេចធិបតីនេ ក្នុងឱកាសអញ្ជើញ «សម្ពោធអគារមជ្ឈមណ្ឌល ផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នាថ្ងៃទី២០ ខែមេសា។

ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា ការអភិវឌ្ឍវិស័យសុខាភិបាល ពិតជាសំខាន់ដោយពង្រឹងសមត្ថភាពពេទ្យ ដើម្បីព្យាបាលអ្នកជំងឺកម្រិតធ្ងន់។ សម្តេចធិបតី មានប្រសាសន៍ថា «បើប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិមានកម្លាំងពលកម្មដែលរឹងមាំ ជួយទៅដល់ប្រទេសជាតិ ដូច្នេះរីកចម្រេីនធំ ចឹងសមទ្ធផល នៅក្នុងវិស័យសុខាភិបាល មានសារៈសំខាន់»

ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញការធ្វើទំនើបកម្មវិស័យសុខាភិបាល ពង្រឹងសមត្ថភាព និងពង្រីកវិសាលភាព ដោយផ្ដើមចេញ ពីការពង្រីកពេទ្យតំបន់ ដើម្បីលើកម្ពស់ការព្យាបាលជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព។ សម្ដេចធិបតី លើកឡើងថា ការពង្រីកពេទ្យតំបន់កាន់តែទំនើប នឹងជួយជំរុញការផ្ដល់សេវា ឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋទាន់ពេលវេលា។

សូមជម្រាបជូនថា អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់»នេះមានកម្ពស់៤ជាន់ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់។ អគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ អត្ថបទដកស្រង់
ចែករំលែក
Boostrong