(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ជាមួយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នាវេលាម៉ោងប្រមាណជា០២៖២០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ពោលគឺបើកការស្រាវជ្រាវ និងការកំណត់បាននូវមុខសញ្ញា ទើបឈានដល់ការតាមបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចាស់ចេញពីពន្ធនាគារជាបន្តបន្ទាប់ចំនួន៣នាក់ ដែលពាក់ព័ន្ធករណី (បើកទ្វាររថយន្តដែលឈប់ចតរាកនៅតាមដងផ្លូវពេលយប់លួចទ្រព្យសម្បត្តិ) ចំនួន៤ករណីផ្សេងៗគ្នា ក្រោយពីទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ពីជនរងគ្រោះក្នុងករណីលួច ដោយមានស្ថានទម្ងន់ទោស។
លោករវសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា សម្រាប់ការតាមបង្ក្រាបបានជនសង្ស័យទាំង៣នាក់ ដែលជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ បានចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន២គ្រឿង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសនៃសកម្មភាពបើកទ្វាររថយន្តដែលឈប់ចតសំរាកនៅតាមដងផ្លូវពេលយប់លួចទ្រព្យសម្បត្តិ ចំនួន៤ករណីផ្សេងៗគ្នានេះដែរ ដោយក្នុងនោះរួមាន៖ *ករណីទី១ ប្រើប្រាស់ឯកសារក្លែង ពោលគឺ (ប្រើកាតអ្នកសារព័ត៌មានកំពង់សោមប៉ុស្តិ៍) ប្រព្រឹត្តនៅចំណុចមុខកងពលតូច (ង៧០) ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង០០៖២០ទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ហើយសម្រាប់ជនរងគ្រោះក្នុងករណីនេះឈ្មោះ វុធ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតវិទ្យាល័យសុខាភិបាល មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយសម្រាប់សម្ភារៈដែលបានបាត់បង់មិនមាននោះទេ។
*ករណីទី២ ក៏មិនខុសគ្នាពីករណីទី១នោះដែរ ពោលគឺ (បើកទ្វាររថយន្តលួចយកសម្ភារ និងប្រើប្រាស់ឯកសារក្លែង) បានន័យថា (ប្រើកាតអ្នកសារព័ត៌មានកំពង់សោមប៉ុស្តិ៍) ប្រព្រឹត្តនៅចំណុចតាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក វេលាម៉ោងប្រហែលជា១៖៣០នាទី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ហើយសម្រាប់ករណីទី២នេះ ជនរងគ្រោះឈ្មោះ វ៉ិត សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានបាត់បង់សម្ភារ រួមមាន៖ ទូរស័ព្ទ Iphone 12pro max ពណ៌ខៀវ ចំនួន១គ្រឿង, Laptop ម៉ាក APPLE ពណ៌ទឹកប្រាក់ចំនួន១គ្រឿង, Speaker Marshall ពណ៌ខ្មៅ១គ្រឿង, Power bank ចំនួន១គ្រឿង, ខ្សែក ប្រាក់ចំនួន១ខ្សែ ដែលមានបណ្តោងចែរូបព្រះ, អាវផាយមេធាវីចំនួន១ និងអាវធំចំនួន១។
*ករណីទី៣ ក៏មិនខុសគ្នាពីករណីទី១ និងករណីទី២ដែរ ជាអំពើលួចដូចគ្នា បានន័យថា (បើកទ្វាររថយន្តលួចយកកាបូបប្រាក់ និងទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ និងទល់មុខបុរីវ៉ារីណា ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាវេលាម៉ោងប្រហែល០២៖១៣នាទីកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ហើយសម្រាប់ករណីទី៣នេះ ជនរងគ្រោះឈ្មោះ ភាព ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរសម្ភារ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានបាត់បង់សម្ភារមានដូចជា កាបូបដែលមានប្រាក់ចំនួន១៨៥០ដុល្លារអាមេរិក (មួយពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) និងប្រាក់រៀលចំនួន៣០០,០០០រៀល (សាមសិបម៉ឺនរៀល), ទូរសព្ទ័ដៃម៉ាក១៤ប្រូម៉េក ដែលមានស៊ីមកាតលេខ ០៨៨ ចំនួន១គ្រឿង, ទូរសព្ទ័ដៃម៉ាកអុបប៉ូ V១១ ដែលមានស៊ីមកាតលេខ ០១៦ និងលេខ០៩៥ ចំនួន១គ្រឿង និងទូរសព្ទ័ដៃម៉ាក (ទិចណូ) TECNO ស៊ីមកាតលេខ ០៩០ ចំនួន១គ្រឿងទៀត។
*ករណីទី៤ ជាករណីចុងក្រោយ ក៏មិនខុសគ្នាពីករណីទី១ ករណីទី២ និងករណីទី៣នោះដែរ ដែលជាអំពើលួចដូចគ្នា (ដោយបើកទ្វាររថយន្តលួចយកកាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦អា ក្រុម០៤ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោងប្រមាណជា០៥៖៤១នាទីកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ហើយសម្រាប់ជនរងគ្រោះក្នុងករណីទី៤នេះ មានឈ្មោះ ឮ ច័ន្ទតារា ភេទប្រុស ឆ្នាំកំណើត១៩៦១ ជនជាតិខ្មែរ មុខរបរជាយោធា មានទីលំនៅផ្ទះលេខ០៨អា ផ្លូវជាតិលេខ៦អា ភូមិបាក់ខែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានបាត់បង់សម្ភារមានដូចជា ទូរស័ព្ទដៃម៉ាក OPPO ចំនួន៣គ្រឿង, លិខិតឆ្លងដែនចំនួន២ក្បាល, អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក, ប័ណ្ណបើកបរចំនួន១, ប័ណ្ណប្រើប្រាស់អាវុធខ្លីចំនួន១, ប្រាក់រៀលចំនួន៩០០,០០០រៀល, ប្រាក់ដុល្លារចំនួន៨០ដុល្លារអាមេរិក និងក្រវិលផ្លាកទីនចំនួន១គូ។ លោករវសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងទៀតថា ជនសង្ស័យទី១-ឈ្មោះ ឆូយ សុផល ហៅឆយ សុផល ហៅយ៉ាម៉ាហា ហៅស្វិត ភេទប្រុស ឆ្នាំកំណើត១៩៨៣ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី (ជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ)។ ជនសង្ស័យទី២-ឈ្មោះ ឃិត ធា ភេទប្រុស ឆ្នាំកំណើត១៩៧៨ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានកំពង់សោមប៉ុស្តិ៍ (ជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ)។ ជនសង្ស័យទី៣-ឈ្មោះ យិន ធី ហៅតឿ ភេទប្រុស ឆ្នាំកំណើត១៩៧៩ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី (ជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ)។
លោករវសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងបន្ថែមថា សម្រាប់ការតាមស្រាវជ្រាវបង្ក្រាបជនសង្ស័យទាំង៣នាក់ ដែលជាមុខសញ្ញាចាស់ចេញពីពន្ធនាគារនេះ បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ដែលមានលេខតួ និងលេខម៉ាស៊ីន ៦៣៤២៩១៣ ពាក់ផ្លាកលេខកំពង់ស្ពឺ ១W-៧៦៨៤ ចំនួន១គ្រឿង, កាបូបស្ពាយចំហៀងម៉ាក Valundini ពណ៌ខ្មៅ ចំនួន១, (របស់ជនរងគ្រោះឈ្មោះ វុធ សំណាង) ប័ណ្ណសារព័ត៌មានកំពង់សោមប៉ិស្តិ៍ឈ្មោះ ឆូយ សុផល ចំនួន០១, លិខិតបញ្ជាបេសកកម្មសារព័ត៌មានកំពង់សោមប៉ុស្តិ៍ឈ្មោះ ឆូយ សុផល ចំនួន១សន្លឹក, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ដែលមានលេខតួ និងលេខម៉ាស៊ីន ៥៧៩១៨៦២ ពាក់ផ្លាកលេខភ្នំពេញ ១IX-៩៨៤៥ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក Redmi ពណ៌ខ្មៅចំនួន១គ្រឿងទៀត, ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកសមុទ្រលាយពណ៌ស្វាយចំនួន១គ្រឿង, កាបូបស្ពាយចំហៀងម៉ាក Fabio ពណ៌ក្រម៉ៅចំនួន១, ពិលពណ៌ទឹកសមុទ្រចំនួន១, ប័ណ្ណសារព័ត៌មានកំពុងសោមប៉ុស្តិ៍ឈ្មោះ ឃិត ធា ចំនួន១, ប័ណ្ណចាក់វ៉ាក់សាំងកូវីត១៩ ឈ្មោះ ឃិត ធា ចំនួន១, ប័ណ្ណបើកបរឈ្មោះ ឃិត ធា ចំនួន១, លិខិតបញ្ជាបេសកកម្មឈ្មោះ ឃិត ធា ចំនួន១, ស្បែកជើងបួរម៉ាក Pedro ពណ៌ប្រផេះចំនួន១គូ, អាវធំពាក់ខាងក្រៅម៉ាក Fangyihai ពណ៌ប្រផេះខាងក្នុងពណ៌ខៀវចំនួន១, អាយកូមម៉ាក MOTOROLA ពណ៌ខ្មៅចំនួន១គ្រឿង, ទូរសព្ទ័ដៃម៉ាក Iphone 12pro max ពណ៌ខៀវចំនួន១គ្រឿង និងនាំជនសង្ស័យទៅយក Speaker បាន១គ្រឿងម៉ាក Marshall ពណ៌ខ្មៅ (របស់ជនរងគ្រោះឈ្មោះ វ៉ិត សុវណ្ណារ៉ា) ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់យកបានខាងលើ ត្រូវបាននិងកំពុងរៀបចំតាមជំនាញក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់៕