Boostrong

ពលរដ្ឋសំណូមពរលោកស្នងការ និងអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយចាត់វិធានការបង្ក្រាបល្បែងជល់មាន់តាមអនឡាញ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលកំពុងបន្តនាំគ្នាបើកលេងយ៉ាងអនាធិបតេយ្យ

សន្តិសុខសង្គម

(ខេត្តកំពង់ស្ពឺ)៖ សេចក្តីរាយការណ៍មកថា ទីតាំងល្បែងមាន់ជល់តាមអនឡាញ ស្ថិតនៅភូមិផ្សារថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើលើកឡើងពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានអាចមិនទាន់បានជ្រាប ឬមួយដឹងហើយ តែមិនទាន់មានចំណាត់ក្នុងការបង្រ្កាប ឬយ៉ាងណានោះទេ ខណៈបនល្បែងនៅតែបន្តបើកលេងបានយ៉ាងរលូន និងយ៉ាងគគ្រឹកគគ្រេង។

ហើយសម្រាប់ពីគ្រប់មជ្ឈដ្ឋានទូទៅ ពោលគឺប្រជាពលរដ្ឋ រស់នៅក្នុងទឹកដី នៃឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានបន្តខ្សឹបប្រាប់អ្នកសារព័ត៌មាន និងរិះគន់ចំៗថា គួរតែមានការយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ និងបង្ក្រាបកុំឲ្យកើតមាននូវប្រភេទល្បែងស៊ីសងទាំងឡាយទើបល្អប្រសើរ ដែលជាដើមចម នាំឲ្យកើតមាននូវបទល្មើស លួច ឆក់ ប្លន់ និងបទល្មើសចោរកម្មផ្សេងៗ ដែលសំដៅដល់ការចូលរួមអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងស្ថានប័នរដ្ឋ និងមានស្រាប់នៅក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧។

យ៉ាងណាក៏ដោយ ប្រភពដដែលបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងមាន់ជល់តាមអនឡាញ និងបក្សពួកគ្នីគ្នា នៅក្នុង-ភូមិ-ឃុំ-ខាងលើ បានកៀងគរក្រុមអ្នកញៀនល្បែងទាំងនោះ ឲ្យចូលមកលេងយ៉ាងពេញបន្ទុក ហើយបើក្រឡេកមកមើលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញ ហាក់បីដូចជាមិនដឹងរឿងទាល់តែសោះ ឬអាចនិយាយបានថា «មិនស្គាល់ទីតាំងកំពុងបើកបនល្បែងស៊ីសងនោះទេ» ឬនិយាយមួយបែបទៀតថា «ធ្វើមើលមិនឃើញ និងមិនដឹងមិនលឺក៏អាចថាបាន» ដោយសារគ្មានចំណាត់ការក្នុងការចុះអនុវត្តបង្ក្រាបនោះឡើយ ហើយបើនិយាយជារួម ប្រហែលជាអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ដែលគេហៅថា «បើកភ្លើងខៀវ» រវាងអាជ្ញាធរមានសមត្ថកិច្ច និងម្ចាស់ទីតាំងបនល្បែងទាំងនេះ។

ប្រភពដដែលបានបន្តថា សម្រាប់ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភជាខ្លាំង ដោយសារប្រពន្ធខ្លាចប្ដី ហើយប្ដីខ្លាចប្រពន្ធ ជាមួយនឹងកូនៗរបស់ពួកគាត់អាចមានការជ្រុលជ្រួស ក្នុងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដែលបណ្ដាលឲ្យខាតបង់ពេលវេលា និងទ្រព្យធន់ ហើយកាន់តែសំខាន់អាចកើតចេញជាអំពើហឹង្សាក្នុងគ្រួសារ ហើយនឹងសំណូមពរយ៉ាងទទូចតាមរយៈអ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយនាំសារពីបញ្ហាប្រឈមដ៏សំខាន់មួយនេះ ទៅកាន់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ក្នុងការធានាបាននូវភាពសុខសាន្ដ គ្មានអំពើចោរកម្មផ្សេងៗកើតមានឡើងនៅក្នុងមូលដ្ឋាននោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ រាល់អង្គភាពសារព័ត៌មានមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយនាំនូវសារដ៏សំខាន់របស់ប្រជាពលរដ្ឋមួយនេះ គឺបានធ្វើក្នុងគោលបំណង ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំដើម្បីជួយចាត់វិធានការបង្ក្រាប និងបិទចោលទាំងស្រុងនូវរាល់បនល្បែងស៊ីសង ដែលល្មើសច្បាប់គ្រប់ប្រភេទាំងនេះផង ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ពិសេសឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong