ខ្លាសអាស៊ីធីវី

ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌសែនសុខថ្មី ឱ្យជួយបង្ក្រាបទីតាំងល្បែងឡូតូអនឡាញមួយកន្លែងទៀត «ដុះស្លែ» យីហោ «តាកូកា» ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សូមសំណូមពរដល់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខថ្មី និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែងទៀត ដែលកំពុងបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់តូច-ធំយ៉ាងគគ្រឹកគគ្រេង និងបានកើតឡើង រាប់ខែរាប់ឆ្នាំមកហើយ (ឡើងដុះស្លែ) ដោយគ្មានខ្លាចញញើតច្បាប់នោះឡើយ។

សូមជម្រាបថា សម្រាប់ទីតាំងល្បែងឡូតូអនឡាញ ដែលល្មើសច្បាប់ (ដុះស្លែ) មួយកន្លែងនេះ (ឋិតនៅខាងក្រោយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ) ចុះពីផ្លូវលេខ១៩៨៦ ប្រហែល៥០ម៉ែត្រ នៅត្រង់ចំណុចផ្ទះ ដែលមានយ៉ីហោ (តាកូកា) ដោយមានតារាងបាល់ និងបុកប៊ីយ៉ែ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាថ្មីម្ដងទៀត តាមរយៈបណ្ដាញសារព័ត៌មាន និងស្នើសុំមិនបញ្ចេញឈ្មោះ ក្នុងនាមប្រជាពលរដ្ឋ បានមានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ជាពិសេស លោកអភិបាលខណ្ឌថ្មី ក្រៅពីអធិការខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្ដិ៍ ប្រាកដជាមានវិធានការទប់ស្កាត់ ឫបង្ក្រាបបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ដើម្បីចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាព «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា លោក ចេង មុនីរ៉ា កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ពោលគឺកាលពីពីរថ្ងៃមុន និងបន្ទាប់ពីទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន បានចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌ-សង្កាត់-ប៉ុស្ដិ៍ ចុះត្រួតពិនិត្យ និងឈានដល់ការបិទជាស្ថាពរ ចំពោះទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែងរួចមកហើយដែរ ស្ថិតនៅក្នុង (តារាងបាល់) ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ក្រោយពីអតីត អភិបាលខណ្ឌច្បារអំពៅ រូបនេះត្រូវបានថ្នាក់ដឹកនាំផ្ដល់ទំនុកចិត្ត និងប្រកាសផ្ទេរភារកិច្ច ទៅជាអភិបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបើគិតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ ទើបតែបានរយៈពេល ៥ថ្ងៃប៉ុណ្ណោះ៕

https://api.whitetigertv-asia.com/uploads/images/1763559430325-photo_2025-11-19_20-35-20.jpghttps://api.whitetigertv-asia.com/uploads/images/1763559466606-photo_2025-11-19_19-55-20.jpghttps://api.whitetigertv-asia.com/uploads/images/1763559471075-photo_2025-11-19_19-55-36.jpghttps://api.whitetigertv-asia.com/uploads/images/1763559475096-photo_2025-11-19_19-55-30.jpghttps://api.whitetigertv-asia.com/uploads/images/1763559479050-photo_2025-11-19_19-33-59.jpghttps://api.whitetigertv-asia.com/uploads/images/1763559502011-photo_2025-11-19_19-09-31.jpghttps://api.whitetigertv-asia.com/uploads/images/1763559505891-photo_2025-11-19_19-09-36.jpghttps://api.whitetigertv-asia.com/uploads/images/1763559510956-photo_2025-11-19_19-09-41.jpghttps://api.whitetigertv-asia.com/uploads/images/1763559515013-photo_2025-11-19_19-55-49.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី