(ភ្នំពេញ)៖ ល្បែងអនឡាញប្រភេទ (ជល់មាន់) ល្មើសច្បាប់មួយកន្លែង កំពុងសង្ងំលួចបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើមរៀងរាល់ថ្ងៃ ដើម្បីប្រមូលលុយពីអ្នកញៀនល្បែង ដោយគ្មានខ្លាចញញើតច្បាប់នោះឡើយ ដែលមានទីតាំងបង្កប់នៅក្នុងផ្ទះកែងលក់បបរ និងគុយទាវ ខាងលិចផ្សារគីឡូម៉ែត្រលេខ៦ (ហៅផ្សារឆេកូ) នៅតាមបណ្ដោយផ្លូវផ្សារឆេកូ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយការលួចបើកល្បែងល្មើសច្បាប់ (ជល់មាន់តាមអនឡាញ) ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ បានសំណូមពរដល់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងលោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយប៉ុស្តិ៍ មេត្តាជួយពិនិត្យ និងចាត់វិធានការដើម្បីបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង ក្នុងការធានាដល់ការរក្សាសន្តិសុខ ក្នុងមូលដ្ឋាន សម្រាប់ការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ណាមួយនៅឡើយទេ ដោយសារប្រជាពលរដ្ឋ បានដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំ របស់លោកអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ ព្រមទាំងអាជ្ញាធរសង្កាត់ និងប៉ុស្ដិ៍រដ្ឋបាល ប្រាកដជាធ្វើការបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងបនល្បែងល្មើសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ៕























