(ភ្នំពេញ)៖ សម្លេងឡើងខ្ទរខ្ទារពីផ្ទះមួយរំលងទៅផ្ទះមួយទៀត ថាខៀវ-ក្រហម ឫក្រហម-ខៀវ នោះគឺជាការប្រមូលផ្ដុំគ្នាស្រែកភ្នាល់ចាក់មាន់តាមអនឡាញ ដែលលួចបើកដំណើរការដោយមេល្បែងល្មើសច្បាប់ និងគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ មានទីតាំងចុះពីផ្លូវជាតិលេខ៥ ប្រហែល៥០ម៉ែត្រ នៅខាងក្រោយពន្លាជ័យ គ្រឿងសង្ហារឹម ក្បែរឃ្លាំងសាំងសាវីម៉ិច ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយការបើកទីតាំងល្បែងជល់មាន់តាមអនឡាញល្មើសច្បាប់មួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មាន និងបណ្ដាញសង្គមផ្សព្វផ្សាយផ្សេងៗទៀត និងស្នើសុំមិនបញ្ចេញឈ្មោះ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកចៅសង្កាត់, លោកនាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាជួយសហការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ក្នុងការចូលរួមបង្ការទប់ស្កាត់ទាន់ពេលវេលា នូវរាល់បទល្មើសផ្សេងៗ ដែលផ្ដើមចេញពីល្បែងស៊ីសង ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ក្នុងការធានាដល់សន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលជាគោលដៅចង់បាន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
សំណូមពរនេះដែរ ត្រូវបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ទាំងការបង្ក្រាបដោយផ្ទាល់ និងតាមអនឡាញ សម្រាប់ល្បែងផ្សងសំណាងល្មើសច្បាប់គ្រប់ប្រភេទ នូវសេចក្ដីណែនាំ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសំខាន់ប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា សម្រាប់រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ គេតែងសង្កេតឃើញថា បានយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសទីតាំងល្បែងល្មើសច្បាប់ទាំងឡាយ តាមលិខិតនៃសេចក្ដីណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្ដាខណ្ឌទាំង១៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម ឃួង ស្រេង និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាពិសេស សារសំឡេងរម្លឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕




