(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានជម្រុញឱ្យមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ត្រូវសហការបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការពង្រឹងលើការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងការបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការបង្ការទប់ស្កាត់បង្រ្កាបក្មេងទំនើង និងជនអនាថា ដែលជារបៀបវារៈទី១។
ការជម្រុញរបស់លោក ជា ពិសី បានធ្វើឡើងនៅចំពោះមុខគណៈអភិបាលរងខណ្ឌ គណៈនាយក អធិការរងនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ តាមបណ្ដាការិយាល័យជុំនាញខណ្ឌ ទាំង១១ ចៅសង្កាត់ នាយប៉ុស្ដិ៍ទាំង១០ និងប្រធានផ្សារទាំង៤ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះ ក្រៅពីរបៀបវារៈទី១, លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក៏បានដាក់ចេញនូវរបៀបវារៈ មួយចំនួនទៀត រួមមាន៖ ២-ការរៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន, ៣-ការរៀបចំផែនការដឹកជញ្ជូនអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវលេខ២១៥, ផ្លូវលេខ២៤៥ និងជុំវិញផ្សារនាគមាស ដើម្បីទៅមើលទីតាំងលក់ដូរថ្មី នៅផ្សារដើមគរថ្មី ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និង៤-បញ្ហាផ្សេងៗ៕










































