(ភ្នំពេញ)៖ ក្រោយពីទទួលបានការដឹកនាំបញ្ជាពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានចាត់ឱ្យលោក ប៉ែន ស៊ីមាន អនុប្រធានគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់សង្កាត់ ដឹកនាំកម្លាំងដោយមានការចូលរួមពីលោកអនុសេនីយ៍ឯក ហោ សុខហ៊ុន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ និងលោកមេភូមិ បានសហការចុះទៅព្រមាន និងឈានដល់ការធ្វើកំណត់ហេតុ ក្នុងការបិទជាស្ថាពរ ចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែងជាលើកទី២ និងហាមដាច់ខាតមិនអនុញាត្តឱ្យមានការបើកសារជាថ្មីឡើងវិញនោះឡើយ បើក្នុងករណីម្ចាស់ទីតាំង និងអ្នកប្រកបអាជីវកម្មល្បែងឡូតូអនឡាញ នៅតែរឹងរូសមិនព្រមស្ដាប់តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយបន្តលួចបើកដដែលជាដដែល ប្រាកដជាត្រូវប្រឈមជាមួយវិធានការរដ្ឋបាល ដោយគ្មានការលើកលែង ជាក់ជាពុំខានឡើយ។
សកម្មភាពរបស់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ជាលើកទី២ ខាងលើនេះ បានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ពិសេសបណ្ដាញសារព័ត៌មាន និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានជួយចាត់វិធានការចំពោះទីតាំងល្បែងភ្នាល់ស៊ីសងល្មើសច្បាប់ ឡូតូ៨៨៨៨ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ដែលស្ថិតនៅត្រង់ចំណុចផ្ទះល្វែងជាប់កន្លែងបោកអ៊ុតយក្សា ដែលចុះពីផ្លូវទំនប់៧០ មកខាងជើងប្រហែល២០ម៉ែត្រប៉ុណ្ណោះ និងនៅខាងឆ្វេងដៃ តាមបណ្ដោយផ្លូវ១០៧ (មិនដល់ផ្ទះសំណាក់គូរូនោះឡើយ) ក្នុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីលោកស្រី រាជ ផាវឿន កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានចាត់ឱ្យលោក ប៉ែន ស៊ីមាន ដឹកនាំកម្លាំងដោយសហការជាមួយលោកអនុសេនីយ៍ឯក ហោ សុខហ៊ុន និងលោក សន សុភា មេភូមិរងភូមិទួលសំពៅ មន្ត្រីសង្កាត់ និងប្រធានប្រជាការពារសង្កាត់ចុះពិនិត្យ និងធ្វើកំណត់ហេតុ ដើម្បីបិទទាំងស្រុង និងហាមបើកឡើងវិញជាដាច់ខាត ចំពោះទីតាំងល្បែងឆ្នោតឡូតូ ៨៨៨៨ មួយកន្លែងនេះម្ដងរួចមកហើយដែរ ដែលមានម្ចាស់ផ្ទះឈ្មោះ គង់ ថាន់ហេង ភេទប្រុស អាយុ៥០ឆ្នាំ និងបានជួលទីតាំងឱ្យអ្នកបើកលេងឆ្នោតឡូតូអនឡាញ ៨៨៨៨ ដែលគ្មានច្បាប់អនុញ្ញាត្ត និងគ្មានអាជ្ញាបណ្ណត្រឹមត្រូវនោះទេ។
សូមបញ្ជាក់ថា នៅមុនពេលដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះធ្វើកំណត់ហេតុ ក្នុងការបិទជាស្ថាពរ ចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែងជាលើកទី២ និងហាមដាច់ខាតមិនអនុញាត្តឱ្យមានការបើកសារជាថ្មីឡើងវិញនេះដែរ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់បណ្ដាញសារព័ត៌មានឱ្យបានដឹងថា មានទីតាំងល្បែងល្មើសច្បាប់ បាននឹងកំពុងបើកទទួលភ្ញៀវចូលចាក់លេងកំសាន្ដសប្បាយ យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ហាក់បីដូចជា គ្មានខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានឡើយ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងជាប់កន្លែងបោកអ៊ុតយក្សា ដែលចុះពីផ្លូវទំនប់៧០ មកខាងជើងប្រហែល២០ម៉ែត្រប៉ុណ្ណោះ និងនៅខាងឆ្វេងដៃ តាមបណ្ដោយផ្លូវ១០៧ (មិនដល់ផ្ទះសំណាក់គូរូនោះឡើយ) ក្នុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ជាមួយការនឹងការបើកទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ ដើម្បីទទួលភ្ញៀវចូលទៅចាក់លេងកំសាន្ដសប្បាយ និងស្រែកកងរំពង រហូតម្នាក់ៗអស់លុយពីហោប៉ាវ និងអ្នកខ្លះជំពាក់បនល្បែង ខ្លះទៀតរត់ទៅខ្ចីលុយចងការគេ ដើម្បីបន្តចាក់ឡូតូ ហើយនៅពេលរកលុយលេងលែងបាន នឹងផ្ទុះជាអំពើហឹង្សា ហើយឈានទៅប្រព្រឹត្តបទល្មើសចោរកម្មផ្សេងៗដូចជា លួច-ឆក់-ប្លន់ ជាដើមខាងលើនេះ, ប្រជាពលរដ្ឋដដែល តាមរយៈបណ្ដាញសារព័ត៌មាន និងស្នើសុំមិនបញ្ចេញឈ្មោះ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស លោកអភិបាលខណ្ឌឫស្សីកែវ លោកអធិការនគរបាលខណ្ឌ លោកស្រីចៅសង្កាត់ទួលសង្កែទី១ នាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាជួយសហការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ក្នុងការចូលរួមបង្ការទប់ស្កាត់ទាន់ពេលវេលា ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមានរួចហើយ ឱ្យបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញ នូវសេចក្ដីណែនាំ របស់អភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ៥ចំណុច ពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសំខាន់ប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
ទោះបីយ៉ាងណាក៏ដោយ គេបានសង្កេតឃើញថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌឫស្សីកែវ តែងតែបានធ្វើការព្រមានជាហូរហែរ តាមរយៈការចុះធ្វើកិច្ចសន្យាបិទជាស្ថាពរ និងមិនអនុញាត្តឱ្យមានបើកជាថ្មីឡើងវិញជាដាច់ខាត ហើយនឹងឈានទៅបង្ក្រាបផងដែរ ទាំងផ្ទាល់ និងតាមអនឡាញ រាល់ចំពោះល្បែងស៊ីសងល្មើសច្បាប់ទាំងឡាយ និងគ្រប់ប្រភេទ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និងសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ យោងតាមប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕










