(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានរាយការណ៍មកថា សម្រាប់ទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែង ដែលត្រូវបានសមត្ថកិច្ចចុះទៅព្រមាន និងធ្វើកំណត់ហេតុឱ្យបញ្ឈប់សកម្មភាព និងហាមដាច់ខាតមិនអនុញាត្តឱ្យបើកសារជាថ្មីឡើងវិញ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ពោលគឺកាលពី៤ថ្ងៃមុន ពេលនេះបានបើកដំណើរការឡើងវិញជាធម្មតា តាំងពីថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៥ និងមានរយៈពេល៤ថ្ងៃមកហើយដែរ ហើយបាននឹងកំពុងទទួលភ្ញៀវចូលចាក់លេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងសប្បាយរីករាយ ដោយគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាននោះឡើយ។
សេចក្ដីរាយការណ៍បញ្ជាក់ថា សម្រាប់ទីតាំងល្បែងជល់មាន់តាមអនឡាញនេះដែរ ស្ថិតនៅច្រកឌឿងហែមមួយកន្លែង ដែលចុះពីផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ប្រហែល៣០ម៉ែត្រ និងមានចម្ងាយពីភូមិយើងប្រហែល៥០ម៉ែត្រ (ផ្ទះមានតាបប៊ីយៀជាប់យានដ្ឋានជួសជុលរថយន្ដ) ប្លុកបន្ទប់ជួល ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាមួយនឹងការបើកដំណើរការឡើងវិញនូវទីតាំងល្បែងជល់មាន់អនឡាញល្មើសច្បាប់នេះដែរ តាមរយៈបណ្ដាញសង្គម និងបណ្ដាញផ្សព្វផ្សាយផ្សេងទៀត និងស្នើសុំមិនបញ្ចេញឈ្មោះ ប្រជាពលរដ្ឋដដែល បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស លោកអភិបាលខណ្ឌឫស្សីកែវ លោកអធិការនគរបាលខណ្ឌ លោកចៅសង្កាត់ លោកនាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាជួយសហការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ក្នុងការចូលរួមបង្ការទប់ស្កាត់ទាន់ពេលវេលា ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ក្រោយពីមានរួចហើយ ឱ្យបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញ នូវសេចក្ដីណែនាំ របស់អភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ៥ចំណុច ពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសំខាន់ប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕




