(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ យកចិត្តទុកដាក់ពង្រឹងឱ្យបានហ្មត់ចត់បន្ថែមទៀត លើការងារបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) ក្រោយពីទទួលបានផែនការជាបន្តបន្ទាប់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង។
ការជម្រុញនេះ ធ្វើឡើងនៅចំពោះមុខគណៈអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្ដិ៍ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលាខណ្ឌ៧មករា នារសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់យកចិត្តទុកដាក់ពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ, ការងារបង្រ្កាបក្មេងទំនើង, ការងារផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ ជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីលោកបានសង្កត់ធ្ងន់លើការពង្រឹងឱ្យបានហ្មត់ចត់បន្ថែមទៀត ចំពោះការងារបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam)៕




























