(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចក្រែងមានបញ្ហាដល់ខ្លួន តាមរយៈបណ្ដាញសារព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សូមសំណូមពរជាថ្មីម្ដងទៀតពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសេនាធិការ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយចាត់វិធានការចំពោះល្បែងឡូតូអនឡាញ ៨៨៨៨ ដុះស្លែល្មើសច្បាប់មួយកន្លែង ដែលបាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើម ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ក្រោយពីមិនទាន់ឃើញវត្តមានចុះត្រួតពិនិត្យជាក់ស្ដែង និងឈានទៅបង្ក្រាបបិទចោលទាំងស្រុងនោះឡើយ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដែលមានទីតាំងបង្កប់នៅក្នុងតារាងបាល់ និងមានបុកប៊ីយ៉ែ (តារាងបាល់3Aឬស្សីកែវ) នៅជាប់ផ្លូវលេខ៩៣ ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា បើមិនមានការចុះត្រួតពិនិត្យ និងឈានទៅបង្ក្រាបបិទចោលទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនឡាញដុះស្លែល្មើសច្បាប់ខាងលើនេះ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ មានតែសង្ឃឹម និងជឿជាក់លើ លោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាសេនាធិការប៉ុណ្ណោះ តាមរយៈការចេញបញ្ជា និងចាត់ឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះចាត់វិធានការបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សម្រាប់ការរស់នៅប្រកបដោយសេចក្ដីសុខ របស់ប្រជាពលរដ្ឋ។
គួរជម្រាបផងដែរថា សម្រាប់ការស្នើនេះដែរ បានធ្វើឡើងជាលើទី៣ហើយ ក្រោយពីប្រជាពលរដ្ឋ បានសំណូមពរ២លើករួចមកហើយដែរ កាលពីថ្ងៃទី១៤ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសារព័ត៌មាន តេឡេក្រាម និងបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែស្ងាត់ឈឹងរហូតដល់សព្វថ្ងៃ ពោលគឺគ្មានប្រសិទ្ធភាព និងគ្មានចំណាត់ការទាល់តែសោះចំពោះទីតាំងល្បែងឡូតូអនឡាញល្មើច្បាប់ដ៏សម្បើមមួយនេះ ពីសំណាក់ លោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ លោក មូល វីរៈ ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ឫស្សីកែវ និងលោកអនុសេនីយ៍ឯក ជ្រិន យូរ៉ាន់ នាយបុស្ដិ៍។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរជាលើកទី៣នេះដែរ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើងរងចាំទទួលការបកស្រាយបំភ្លឺជានិច្ចនៅរៀងរាល់ម៉ោងធ្វើការ បើទោះជាពុំទាន់បានទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយឡើយក៏ពិតមែន ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯកស្នងការ ប្រាកដជាចាត់វិធានការតាមរយៈការចេញបញ្ជា ឫចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការបង្ក្រាប ដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់បន្ទាប់ពីទទួលបានសំណូមពរ៕





























