(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា មានទីតាំងបនល្បែងឡូតូអនឡាញដុះស្លែមួយកន្លែង ដែលបានបើករាប់ខែរាប់ឆ្នាំមកហើយ នឹងកំពុងចំហរទ្វារទទួលភ្ញៀវចូលចាក់លេងយ៉ាងសប្បាយជារៀងរាល់ថ្ងៃ ដោយពុំដែលឃើញវត្តមានអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឈានដល់ការបង្ក្រាបិទចោលទាំងស្រុងនោះឡើយ ស្ថិតនៅត្រង់ចំណុចផ្ទះកែងលេខ៤០ ផ្លូវលេខ២១១ កែងផ្លូវលេខ២៣៤ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បើគិតត្រឹមរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្រោយពីអភិបាលរាជធានីភ្នំពេញ ពិសេស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេស សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសាររម្លឹក សារាចរណែនាំ និងសេចក្ដីណែនាំជាបន្តបន្ទាប់ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលស្នាក់នៅក្បែរទីតាំងបនល្បែងឡូតូអនឡាញដុះស្នឹមមួយកន្លែងនេះ និងស្នើសុំមិនបញ្ចេញឈ្មោះ តាមរយៈបណ្ដាញសារព័ត៌មាន បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ឲ្យជួយចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុង ព្រោះល្បែងជាដើមចម ដែលបង្កឲ្យកើតមានជាបទល្មើសចោរកម្មផ្សេងៗ ក្នុងការបង្ការទប់ស្កាត់ ដើម្បីធានាដល់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព និងសម្រាប់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ខាងក្រោមនេះ ជាលិខិតនៃសេចក្ដីណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្ដាខណ្ឌទាំង១៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពិសេស សារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេស សារសំឡេងរម្លឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕





