ខ្លាសអាស៊ីធីវី

Update: បិទហើយ! ល្បែងឡូតូអនឡាញបង្កប់ក្នុង (ហាងកាហ្វេហេងលាភ១៦៨) នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បន្ទាប់ពីអភិបាលខណ្ឌ អធិការខណ្ឌ និងចៅសង្កាត់ ដឹកនាំបញ្ជាអនុវត្តតាមសំណូមពរពលរដ្ឋ

ពីនេះពីនោះ

(ភ្នំពេញ)៖ បិទជាស្ថាពរហើយ តាមរយៈការចុះត្រួតពិនិត្យជាក់ស្ដែង និងធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីពេលនេះតទៅ ចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ដែលបង្កប់នៅក្នុង (ហាងកាហ្វេហេងលាភ១៦៨) នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានដឹកនាំបញ្ជាកម្លាំងអនុវត្ត តាមសំណូមពររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងជាអ្នកសំណូមពរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសលោកអភិបាលខណ្ឌឫស្សីកែវ លោកអធិការនគរបាលខណ្ឌ លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងលោកនាយប៉ុស្ដិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលតែងតែបានយកចិត្តទុកដាក់ជានិច្ច ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ហើយសំខាន់ ចំពោះល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ ដើម្បីធានាដល់មូលដ្ឋានមានសន្តិសុខ និងសុវត្ថិភាព កាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ និងតាមរយៈបណ្ដាញសារព័ត៌មាន, ប្រជាពលរដ្ឋ បានស្នើសុំមិនបញ្ចេញឈ្មោះ និងសំណូមពរយ៉ាងទទូច ហើយសង្ឃឹម នឹងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ មេត្តាជួយចាត់វិធានការបង្ក្រាប ឫបិទចោលទាំងស្រុង នូវទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ឋិតនៅខាងកើតផ្សារសាំហាន់ តាមបណ្ដោយផ្លូវលេខ១០៣ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាព សម្រាប់មូលដ្ឋាន នៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ក៏ដូចជា ស្របតាមលិខិតបទដ្ឋានគតិយុទ្ធនានា ដែលដាក់ចេញដោយថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងសម្ដេចហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

សម្រាប់សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យជួយចាត់វិធានការបង្ក្រាប ឫបិទចោលទាំងស្រុង នូវទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការរបស់ អភិបាលរាជធានីភ្នំពេញ ដែលបានចេញសេចក្ដីណែនាំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ហើយជាពិសេសសារសំឡេងរម្លឹករបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ៕

https://api.whitetigertv-asia.com/uploads/images/1757823827581-photo_2025-09-14_11-23-00.jpghttps://api.whitetigertv-asia.com/uploads/images/1757823841673-photo_2025-09-14_10-54-41.jpghttps://api.whitetigertv-asia.com/uploads/images/1757823845551-photo_2025-09-14_10-54-37.jpghttps://api.whitetigertv-asia.com/uploads/images/1757823849489-photo_2025-09-14_10-54-47.jpghttps://api.whitetigertv-asia.com/uploads/images/1757823852687-photo_2025-09-14_10-54-52.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី