(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចក្រែងមានបញ្ហាដល់ខ្លួន តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហើបប្រាប់ឲ្យដឹងថា «មិនមានការបើកទៀតទេ ពោលគឺបិទហើយ ដោយសារបានឃើញកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានចុះត្រួតពិនិត្យជាក់ស្ដែង និងព្រមានចាត់វិធានការបង្ក្រាប និងមិនលើកលែងឡើយ បើក្នុងករណីរកឃើញមានបើក ឫលួចបើកល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់» ដែលមានទីតាំងនៅត្រង់ចំណុចតារាងបាល់ និងមានបុកប៊ីយ៉ែមួយកន្លែង (តារាងបាល់ទះ3Aឬស្សីកែវ) ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ និងព្រមានចាត់វិធានការបង្ក្រាបល្បែងឡូតូអនឡាញល្មើសច្បាប់ដុះស្លែនេះបានអនុវត្តឡើងក្រោយពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន តេឡេក្រាម និងបណ្ដាញសង្គមហ្វេសប៊ុក បានសំណូមពរជាថ្មីម្ដងទៀត ពោលគឺជាលើកទី៣ហើយ ខណៈលើកទី១នៅថ្ងៃទី១៤ និងលើកទី២នៅថ្ងៃទី១៨ ហើយលើកទី៣ចុងក្រោយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសេនាធិការ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយត្រូវបានលោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចាត់ឲ្យលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ លោក មូល វីរៈ ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងលោកអនុសេនីយ៍ឯក ជ្រិន យូរ៉ាន់ នាយបុស្ដិ៍ ដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង និងព្រមានចាត់វិធានការបង្ក្រាបតាមច្បាប់ជាធរមាន។
គួរជម្រាបផងដែរថា ចំពោះការសំណូមពរជាបន្តបន្ទាប់ចំនួន៣លើកនេះដែរ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋបានឃើញ និងជួយរាយការណ៍ពីសកម្មភាពបន្តបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើម ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ សម្រាប់ទីតាំងល្បែងឡូតូអនឡាញខុសច្បាប់ខាងលើ និងក្រោយពីមិនទាន់ឃើញវត្តមានចុះត្រួតពិនិត្យជាក់ស្ដែង និងឈានទៅបង្ក្រាបបិទចោលទាំងស្រុងនោះឡើយ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមានតែសង្ឃឹម និងជឿជាក់លើ លោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាសេនាធិការប៉ុណ្ណោះ តាមរយៈការចេញបញ្ជា និងចាត់ឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះចាត់វិធានការបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សម្រាប់ការរស់នៅប្រកបដោយសេចក្ដីសុខ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សម្រាប់សំណូមពរជាលើកទី៣នេះដែរបានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រោយពីប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសេនាធិការលោកឧត្តមសេនីយ៍ឯកស្នងការ ប្រាកដជាចាត់វិធានការបានតាមរយៈការចេញបញ្ជា ឫចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការបង្ក្រាប ដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុងជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ និងបន្ទាប់ពីទទួលបានសំណូមពរ៕






























