ខ្លាសអាស៊ីធីវី

នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាស ដែលលោកស្រីបញ្ចាប់ បេសកកម្មការងារនៅកម្ពុជា។

លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា។ លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និងកម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីនេះ, លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីសមិទ្ធផលនានា និងគម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និងក្រសួង-ស្ថាប័នពាក់ព័ន្ធលេីវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដេីម។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និងកម្ពុជា។ សម្តេចបវរធិបតី បានអបអរសាទរចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និងគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានបញ្ជាក់ពីការបន្តគាំទ្រ របស់ រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗ បន្ថែមទៀត៕

https://api.whitetigertv-asia.com/uploads/images/1758965677107-photo_2025-09-27_16-33-27.jpghttps://api.whitetigertv-asia.com/uploads/images/1758965709837-photo_2025-09-27_16-17-16.jpghttps://api.whitetigertv-asia.com/uploads/images/1758965709838-photo_2025-09-27_16-17-24.jpghttps://api.whitetigertv-asia.com/uploads/images/1758965709839-photo_2025-09-27_16-17-28.jpghttps://api.whitetigertv-asia.com/uploads/images/1758965709839-photo_2025-09-27_16-17-33.jpghttps://api.whitetigertv-asia.com/uploads/images/1758965709840-photo_2025-09-27_16-17-37.jpghttps://api.whitetigertv-asia.com/uploads/images/1758965709840-photo_2025-09-27_16-17-41.jpghttps://api.whitetigertv-asia.com/uploads/images/1758965709842-photo_2025-09-27_16-17-46.jpghttps://api.whitetigertv-asia.com/uploads/images/1758965709843-photo_2025-09-27_16-17-51.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី