Boostrong

អភិបាលខណ្ឌមានជ័យ ចាត់ឲ្យចៅសង្កាត់ និងនាយប៉ុស្ដិ៍ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងឡូតូអនឡាញ១កន្លែង ឃាត់មនុស្ស២នាក់ និងដកហូតវត្ថុតាងមួយចំនួន

សន្តិសុខសង្គម
ចុះថ្សាយថ្ងៃ​ ចន្ទ ០២-កញ្ញា-២០២៤

(ភ្នំពេញ)៖ លោក សេង គន្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងជាអភិបាលខណ្ឌ បានចាត់ឲ្យលោកចៅសង្កាត់បឹងទំពន់ទី១ និងលោកនាយប៉ុស្តិ៍ដឹកនាំកម្លាំងសមត្ថកិច្ច និងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចុះបង្រ្កាបទីតាំងល្បែងស៊ីសង (ឡូតូអនឡាញ) ១កន្លែង និងនាំខ្លួនមនុស្សស្រី២នាក់ទៅសាកសួរ ដែលសង្ស័យលួចបើកល្បែងគ្មានច្បាប់អនុញាត្ត និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រព្រឹត្តល្បែងមួយចំនួនទៀត ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់សកម្មភាពនៃការបង្ក្រាបប្រភេទល្បែងភ្នាល់ស៊ីសង (ឡូតូអនឡាញ) ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមានសមត្ថកិច្ច និងបណ្ដាញសារព័ត៌មាន ពិសេសប្រជាពលរដ្ឋ និងបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងប្រាប់ «ខ្លាសអាស៊ី» លោក សេង គន្ធ បានបញ្ជាក់ថា ក្រោយពីបង្ក្រាបនូវទីតាំងល្បែងស៊ីសងប្រភេទឡូតូអនឡាញ និងធ្វើកំណត់ហេតុបិទចោលទាំងស្រុង បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមានសមត្ថកិច្ច និងបណ្ដាញសារព័ត៌មាន ពិសេសប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាព បានឃាត់មនុស្ស២នាក់ ទៅសាកសួរតាមជំនាញនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពន់ទី១ ជាមួយការដកហូតវត្ថុតាងមួយចំនួន ទៅរក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌ ដែលបម្រើឲ្យសកម្មភាពលួចបើកល្បែងភ្នាល់ខុសច្បាប់ មានដូចជា លុយចំនួន៥១០,០០០រៀល, កុំព្យូទ័រ Laptop ចំនួន២គ្រឿង, ដុំ WIFI ១គ្រឿង, ទូរសព្ទដៃ២គ្រឿង ដែលមានម៉ាក iPhone ១១ Pro Max និង iPhone ១១ Pro ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត សម្រាប់សេចក្ដីសុខប្រជាពលរដ្ឋ៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong