(ភ្នំពេញ)៖ ឆ្នោតឡូតូអនឡាញ ៨៨៨៨ និង Game Yuki ចំនួន២កន្លែងផ្សេងគ្នា ដែលបានលួចបើកដំណើរការទទួលភ្ញៀវលេងស្ងាត់ៗ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពេលនេះត្រូវបានបង្ក្រាបជាស្ថាពរហើយ និងបិទចោលទាំងស្រុង ដោយដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួន ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោក សាំង សុភ:វិចិត្រ អនុប្រធានគណៈបញ្ជាការឯកភាព ជាអភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលខណ្ឌ។
សម្រាប់សកម្មភាពនៃការបង្ក្រាបប្រភេទល្បែងឡូតូអនឡាញ ៨៨៨៨ និង Game Yuki ទាំង២កន្លែងនេះបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ នៃជំហ៊ានដំបូង នៅត្រង់ចំណុចតាបបុកបីយ៊ែរ១កន្លែង នៃបន្ទប់ជួលតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង និង១ទីតាំងទៀត នៅត្រង់ចំណុចហាងកាហ្វេ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
យ៉ាងណាក៏ដោយ ក្រោយពីបង្ក្រាប និងធ្វើកំណត់ហេតុបិទចោលទាំងស្រុង នូវទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ និង Game Yuki ទាំង២កន្លែងនេះ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ដែលបម្រើឲ្យសកម្មភាពលួចបើកល្បែងភ្នាល់ខុសច្បាប់ មានដូចជា កុំព្យូរទ័រ laptop ចំនួន២គ្រឿង, កុំព្យូរទ័រ desktop ១គ្រឿង, ដុំ Wifi ១គ្រឿង, ព្រីភ្លើង១ដុំ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តធ្វើការស្រាវជ្រាវ និងចាត់ការតាមនិតិវិធី ក្រោយពីពេលកន្លងមក ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពឲ្យបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ៕