(ភ្នំពេញ)៖ របាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថាមានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវលេខ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣ និង២០នាទីទៀបភ្លឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងករណីនេះ ជនរងគ្រោះមានឈ្មោះ LONG JUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់លេខ១០០១ ជាន់ទី១០ ផ្លូវលេខ៥៧ កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការស្រាវជ្រាវតាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, សៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យឃើញ និងបានធ្វើការឃាត់ខ្លួនចំនួន ៨នាក់រួមមាន៖ ១-ឈ្មោះ ហ៊ុំ សុផុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ, ២-ឈ្មោះ ខឿន រុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ, ៣-ឈ្មោះ ណុន ស៊ីតុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
៤-ឈ្មោះ ហ៊ុំ វិរៈ (ហៅវុទ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត, ៥-ឈ្មោះ ហ៊ុំ សុភ័ក្រ្ត (ហៅយ៉ត) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវលេខ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ រាជធានីភ្នំពេញ, ៦-ឈ្មោះ ជា សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៧-ឈ្មោះ មុន វិចិត្រចិន្ដា (ហៅចិន្ដា) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៨-ឈ្មោះ ឡែម លាភ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងករណីនេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យ រួមមាន៖ រថយន្តម៉ាកព្រូស ពណ៌ស ផ្លាកលេខ កំពត 2B-8818, រថយន្តម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BQ-8101, កាំភ្លើង៤ដើម ដោយក្នុងនោះ ១-អាវុធខ្លីម៉ាក GLOCK19GEN4, ២-អាវុធខ្លីម៉ាក GLOCK19kuiEX, ៣-អាវុធខ្លីម៉ាក SIGSAUER, ៤-អាវុធខ្លីម៉ាក SPRINGFIELDARMORY, ទូរសព្ទចំនួន៦គ្រឿង, គ្រាប់ចំនួន៣៨គ្រាប់, ខ្នោះដៃចំនួន៧, សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន៤កំប្លេ, កាតកងរាជអាវុធហត្ថចំនួន២សន្លឹក (COPY) និងកាបូបស្ពាយចំនួន១។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់ខាងលើ ថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ចំនួន ៦លើកពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាព ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង ដើម្បីបន្តនីតិវិធី៕




















