(ភ្នំពេញ)៖ លោក ជា ពិសី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានតែងតាំង ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល ហើយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌសែនសុខ។
ជាមួយគ្នានេះ ក្រៅពីអភិបាលខណ្ឌដែលត្រូវប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច ក្នុងពិធីនេះ ក៏មានការប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌមួយចំនួនផងដែរ។ ពិធីប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ចនេះ ត្រូវបានរៀបចំធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមជម្រាបថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស តែងតាំងមន្ត្រីរាជការចំនួន២រូប ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម៖
*១៖ លោកស្រី សុង សុភា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជា អភិបាលរងខណ្ឌទួលគោក
*២៖ លោក កេត រតនា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា អភិបាលរងខណ្ឌជ្រោយចង្វារ។
ជាមួយគ្នានេះ លោកអភិបាលសន្តិបណ្ឌិត ស សុខា ក៏បានចេញប្រកាស តែងតាំងមន្ត្រីរាជការចំនួន ២រូប ជាអភិបាលរងនៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម៖
*១៖ លោក យស យុទ្ធី ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរងខណ្ឌចំការមន
*២៖ លោក ពាន វាសនា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខណ្ឌ៧មករា។
លោកអភិបាលសន្តិបណ្ឌិត ស សុខា ថែមទាំងបានចេញប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន៧រូប ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាល ខណ្ឌ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម៖
*១៖ លោក ចាន់ គន្ថេត ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខណ្ឌទួលគោក
*២៖ លោក ចាន់ បណ្ឌិត ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខណ្ឌដូនពេញ
*៣៖ លោក កៅ សារ៉ាវុធ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខណ្ឌដូនពេញ
*៤៖ លោកស្រី ព្រុំ រដ្ឋា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខណ្ឌឫស្សីកែវ
*៥៖ លោកស្រី សួស សូលីដា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ឱ្យទៅកាន់មុខតំណែង ជាអភិបាលរងខណ្ឌសែនសុខ
*៦៖ លោក ជ ចាន់ស៊ាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខណ្ឌច្បារអំពៅ
*៧៖ លោក ហ៊ត គឹមនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខណ្ឌដង្កោ។
លោក ឃួង ស្រេង បានណែនាំ និងជំរុញឲ្យអភិបាលខណ្ឌ អភិបាលរងខណ្ឌ ដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌ ត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឲ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាត ដដែលទៀតនោះទេ។
លោក ឃួង ស្រេង ក៏បានក្រើនរំលឹកអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរក្សាឲ្យបានល្អប្រសើរនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឲ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេសកុំឲ្យមានសំរាមនៅតាមប្រឡាយ និងតាមប្រព័ន្ធលូបង្ហូរទឹក។
លោក ឃួង ស្រេង បានបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវការពារសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យបានល្អ១០០ភាគរយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិ-អន្តរជាតិ ឲ្យមកដើរលេងកម្សា្ដ នៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ លុបបំបាត់ឲ្យបាននូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋាន៕

































































