(ភ្នំពេញ)៖ តំណាងម្ចាស់ហាង SOMOBUFFET បានឯកភាពយល់ព្រមធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបញ្ឈប់សកម្មភាពបន្តចតរថយន្ដនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងចូលរួមសម្អាត អនាម័យបរិស្ថាន ឲ្យបានស្អាតជានិច្ចនៅខាងមុខហាង។
ការឯកភាព និងយល់ព្រមធ្វើកិច្ចសន្យានេះ បានធ្វើឡើងបន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបញ្ជាឱ្យឲ្យលោកអធិការនគរបាលខណ្ឌ ចាត់កម្លាំងផ្នែកជំនាញ ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងគោលបំណងរំដោះចំណីចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
បើតាមលោកអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានឲ្យដឹងផងដែរថា រដ្ឋបាលខណ្ឌ នឹងបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយល្អប្រសើរ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្រខណ្ឌ ក៏ដូចជា ក្នុងរាជធានីភ្នំពេញ ទោះបីជាកំណើនមនុស្ស និងយានយន្ត បានបន្តកើនឡើងជារៀងរាល់ថ្ងៃគួរឲ្យកត់សម្គាល់ក៏ដោយ តួយ៉ាងដូចពេលពេលបច្ចុប្បន្ននេះជាដើម៕























