(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ និងជាចៅសង្កាត់ បានក្រើនរំលឹក ដោយហាមដាច់ខាតដល់មន្ត្រី និងកម្លាំងប្រជាការពារ នៃរដ្ឋបាលសង្កាត់ សូមកុំនាំគ្នានិយាយពីមាត់មួយទៅមាត់មួយ អំពីការលើកដាក់អ្នកនេះជាចៅសង្កាត់ ឬអ្នកនោះជាចៅសង្កាត់រង ដែលបណ្ដាលឱ្យបាត់បង់វិន័យ និងប៉ះពាល់ក្រមសីលធម៌ សំខាន់ទុកឱ្យថ្នាក់លើជាអ្នកសម្រេច និងរៀបចំចាត់ចែង ពីព្រោះចៅសង្កាត់ ឬប្រធានគណបក្សសង្កាត់ កើតចេញពីការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកស្រី រាជ ផាវឿន បានណែនាំឱ្យមន្ត្រី និងកងកម្លាំងធ្វើការថតជារូបភាព និងសារសម្លេងចំពោះបុគ្គលរូបណា ដែលនៅតែបន្តនិយាយលើកបន្តុបអ្នកនេះជាចៅសង្កាត់ ឬអ្នកនោះជាចៅសង្កាត់រង ដើម្បីមានវិធានការតាមច្បាប់ជាធរមាន ដែលធ្វើឱ្យបាត់បង់វិន័យ និងប៉ះពាល់ក្រមសីលធម៌ ក្នុងនាមកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ បើមិនបញ្ឈប់ពីសកម្មភាពទាំងនេះនោះទេ។
ការក្រើនរំលឹក ក៏ដូចជាការណែនាំរបស់លោកស្រីចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី មានការចូលរួមពីលោក លោកស្រីចៅសង្កាត់រង និងជំនួយការរដ្ឋបាលសង្កាត់ បានអញ្ជើញជាកិត្តិយសជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់កងកម្លាំងប្រជាការពារសង្កាត់ចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗ ចំនួន១០ម៉ឺនរៀលស្មើៗគ្នា សរុប១៥.០០០ ០០០លានរៀល (ដប់ប្រាំលានរៀល) សម្រាប់អបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅក្នុងវត្តញាណរង្ស៊ី ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។
លោកស្រី រាជ ផាវឿន នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់កងកម្លាំងប្រជាការពារសង្កាត់ចំនួន១៥០នាក់ សម្រាប់អបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ បានថ្លែងអំណរគុណដល់បងប្អូនមន្ត្រី និងកងកម្លាំងទាំងអស់ ដែលកន្លងមករយៈពេលពេញមួយឆ្នាំ (២០២៤-២០២៥) បានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងល្អប្រសើរ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងការចូលរួមបម្រើដល់ប្រជាពលរដ្ឋ និងសូមជូនពរ មានសុខភាពល្អ និងសុភមង្គល ហើយនឹងជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ការងារ និងបានសមប្រកបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕















































































