ខ្លាសអាស៊ីធីវី

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ​ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា

ព័ត៌មានជាតិ

(ភ្នំពេញ)៖ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនេះ​, ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា​ និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី​​ ឱ្យចូលជួបសម្តែងការគួរសម។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម​ និងគណៈប្រតិភូ​ នឹងជួបពិភាក្សាការងារ​ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព,​ ចីរភាព និងអស់សក្តានុពល​ នៃធនធាន​ សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស​ វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ​ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេលដែលនគរូបនីយកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកស្អាតជូន​ប្រជាពលរដ្ឋ​ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព​ និង​ចីរភាព។

ក្នុងន័យនេះ, សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព​, អស់សក្តានុពល​ និង​មានចីរភាព៕

ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram

ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Twitter

ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 WhatsApp

ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Line

ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 CoolApp

https://api.whitetigertv-asia.com/uploads/images/1746511513445-photo_2025-05-06_13-04-35.jpghttps://api.whitetigertv-asia.com/uploads/images/1746511519583-photo_2025-05-06_12-50-06.jpghttps://api.whitetigertv-asia.com/uploads/images/1746511548603-photo_2025-05-06_12-49-26.jpghttps://api.whitetigertv-asia.com/uploads/images/1746511548605-photo_2025-05-06_12-49-31.jpghttps://api.whitetigertv-asia.com/uploads/images/1746511548607-photo_2025-05-06_12-49-35.jpghttps://api.whitetigertv-asia.com/uploads/images/1746511548608-photo_2025-05-06_12-49-40.jpghttps://api.whitetigertv-asia.com/uploads/images/1746511548608-photo_2025-05-06_12-49-46.jpghttps://api.whitetigertv-asia.com/uploads/images/1746511548610-photo_2025-05-06_12-49-50.jpghttps://api.whitetigertv-asia.com/uploads/images/1746511548612-photo_2025-05-06_12-49-55.jpghttps://api.whitetigertv-asia.com/uploads/images/1746511548613-photo_2025-05-06_12-50-00.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី