(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ បានរអ៊ូរទាំ និងប្រាប់អ្នកសារព័ត៌មានថា ល្បែងស៊ីសងភ្នាល់តាមអនឡាញ មានដូចជា ជល់មាន់ បៀរការ៉ាត់ និងចាក់បាល់ បាននឹងកំពុងបើកដំណើរការទទួលភ្ញៀវចូលលេងកំសាន្ដដោយរលូនជាហូរហែរាល់ថ្ងៃ និងគ្មានការរំខានចុះត្រួតពិនិត្យទប់ស្កាត់ និងឈានទៅបង្ក្រាបបិទចោលទាំងស្រុងនោះឡើយ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋ បានរអ៊ូរទាំ និងប្រាប់អ្នកសារព័ត៌មានទៀតថា សម្រាប់ទីតាំងបនល្បែងស៊ីសងតាមអនឡាញ ដូចជា ជល់មាន់ បៀរការ៉ាត់ និងចាក់បាល់ខាងលើនេះ ពិតជាមានអំណាចខ្លាំងណាស់ និងសង្ស័យមានខ្នងបង្អែកធំ ព្រោះគ្មានអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានទៅរញេរញ៉ៃក្បែរឡើយ ហើយអាចបណ្ដាលមកពី លោកអភិបាលខេត្តបន្ទាយមានជ័យ មិនទាន់ជ្រាបច្បាស់នៅឡើយ ទើបអាចសង្ងំប្រមូលលុយរាប់ខែរាប់ឆ្នាំពីបនល្បែងបែបនេះបាន បើទោះបីជាមានការអន្តរាគមន៍ជួយផ្សព្វផ្សាយបញ្ជូនសារពីអង្គភាពសារព័ត៌មាន និងបទបញ្ជាដ៏តឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន មិនថាដោយផ្ទាល់ ឬតាមអនឡាញក្ដីពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសសាររម្លឹកនៃបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕