(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ម៉ូវ ម៉ានិត នៅរសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និងដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សម្រាប់ពិធីសូត្រមន្ត របស់រដ្ឋបាលខណ្ឌសែនសុខ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះដែរ បានរៀបចំប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបួងសួងទេវតាឆ្នាំថ្មីឆ្នាំ និងវត្ថុស័ក្កសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សេរីមង្គលបវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទ នៃរដ្ឋបាលខណ្ឌសែនសុខទាំងអស់ សូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ប្រការ និងឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា៕



























































