ខ្លាសអាស៊ីធីវី

ព្រះអនុគណខណ្ឌឬស្សីកែវ និមន្ដស្រោចស្រពព្រះសុគន្ធវារី ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ថ្វាយគ្រូ និងចម្រើនព្រះជន្ម ប្រគេនព្រះបរិត្តសោភ័ណ ចន្ទ័ សុភាព នៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ រាជាគណៈថ្នាក់កិត្តិយស ជាព្រះចៅអធិការវត្តញាណរង្សី ជាព្រះប្រធានសមាគមន៍សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះអនុគណខណ្ឌឬស្សីកែវ បាននិមន្ដជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ថ្វាយគ្រូ និងចម្រើនព្រះជន្ម ព្រមទាំងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះបរិត្តសោភ័ណ ចន្ទ័ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះប្រធានរស្មីមូលនិធិសប្បុរសធម៌ និងជាព្រះធម្មធរសាលាអនុគណខណ្ឌឬស្សីកែវ។

ពិធីដ៏អធិកអធមនេះ ក៏មានការនិមន្ដចូលរួមពីព្រះចៅអធិការ ដែលនិមន្ដមកពីតាមបណ្ដាវត្តនានាចំនួន១១ មន្ត្រីសង្ឃ អាចារ្យ សិស្សគណគ្រប់មជ្ឈដ្ឋាន និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករផងដែរ ស្ថិតនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃជាប់គ្នា (ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) នាថ្ងៃ ៩រោច និង១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥។

សូមជម្រាបថា សម្រាប់ការមូលមតិគ្នាជាឯកច្ឆន្ទ ក្នុងការប្រារព្ធពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ថ្វាយគ្រូ និងចម្រើនព្រះជន្ម ព្រមទាំងស្រោចស្រពព្រះសុគន្ធវារី បានធ្វើឡើងដោយមានព្រះបរិត្តសោភ័ណ ចន្ទ័ សុភាព ជាអ្នកផ្ដើមបុណ្យ និងអាស្រ័យដូចបានទូលប្រគេន និងជម្រាបជូន សូមយាង និមន្ត និងគោរពអញ្ជើញ សម្តេច ទ្រង់ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនប្រុសស្រីគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមចាប់មគ្គផល និងអនុមោទនាទទួលយកផល្លានិសង្សរៀងៗខ្លួន។

កម្មវិធីបុណ្យល្ងាចថ្ងៃសៅរ៍៩រោច ខែផល្គុន ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ក្រុងពាលី ប្រារព្ធបទនមស្ការព្រះ រតនត្រ័យ សមាទានសីល ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនាគ្រែពីរ វេលាម៉ោង០៤ និង៣០នាទីរសៀល ពិធីស្រោចស្រពសុគន្ធវារីប្រគេន ព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ព្រះរាជាណថ្នាក់កិត្តិយស វេលាម៉ោង០៥ និង៣០នាទី អញ្ជើញពុទ្ធបរិស័ទ និងសប្បុរប្រុសស្រីពិសាភោជនាហារ លុះព្រឹកឡើងថ្ងៃអាទិត្យ១០រោច ត្រូវនិងថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង០៩ និង០០នាទីព្រឹក ពិធីរាប់បាត្រព្រះសង្ឃចំនួន៥៤អង្គ ជាកិច្ចបញ្ចប់ពិធីបុណ្យ៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី