(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅតែបន្តដាក់ចេញផែនការសម្រាប់មន្ត្រីរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ដូចជាការយកចិត្តដាក់ បង្ការបង្ក្រាបក្មេងទំនើង ការគ្រប់គ្រងជនបរទេស និងការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ជូនបងប្អូនប្រជាពលរដ្ឋ។
សម្រាប់ផែនការសកម្មភាព ដែលបានបន្តដាក់ចេញពីសំណាក់លោកអភិបាលខណ្ឌ៧មករា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យជំនាញនានា នៃរដ្ឋបាលខណ្ឌ ចៅសង្កាត់ និងមេភូមិ ស្ថិតនៅសាលប្រជុំសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។
នៅក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល បានសង្កត់ធ្ងន់ លើការពង្រឹងបន្ថែម សម្រាប់ការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ឆ្នាំម្សាញ់) ក្រៅពីការយកចិត្តដាក់ បន្តបង្ការបង្ក្រាបក្មេងទំនើង ការគ្រប់គ្រងជនបរទេស និងការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ជូនបងប្អូនប្រជាពលរដ្ឋ៕












