(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ដ្រីក្រោមឱវាទ បានអញ្ជើញប្រារព្ធពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ "សង្ក្រាន្តវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ឆ្នាំ២០២៥" ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីសុំសេចក្ដីសុខ សិរីសួស្តីក្នុងឆ្នាំថ្មី ដែលជាថ្ងៃទី៣ នៃថ្ងៃឡើងស័ក។
ពិធីស្រង់ព្រះនេះ បានរៀបចំធ្វើឡើង នៅក្នុងមូលដ្ឋានសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ លោកអភិបាលខណ្ឌ បានថ្លែងថា ពិធីស្រង់ព្រះ គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ ដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេស គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ។
បន្ថែមពីនេះ លោកអភិបាល បានមានប្រសាសន៍លើកឡើងថា ពិធីស្រង់ព្រះ គឺមានតាំងពីបរមបុរាណហើយ ដោយតែងប្រារព្ធនៅក្នុងថ្ងៃបង្ហើយនៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺជាថ្ងៃឡើងស័ក ដើម្បីជួបជុំពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រពសុគន្ធវារីថ្វាយព្រះអង្គ សុំសេចក្ដីសុខ សេចក្ដីចម្រើន ត្រជាក់ត្រជំ ហើយប្រជាពលរដ្ឋ រមែងតែងនាំគ្នាស្រង់ព្រះនៅវត្តរួចរាល់ហើយ ទើបបន្តនាំគ្នាទៅស្រង់ព្រះនៅផ្ទះ គឺជាឪពុកម្ដាយ ដែលជាព្រះរស់យើងនោះហើយ៕










































































