(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទួលសង្កែទី១ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ឱ្យជួយធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយ ពីលក្ខណៈសម្បត្តិគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
សកម្មភាពនេះ មានការចូលរួមផងដែរ ពីអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មេភូមិ មេភូមិរង និងសមាជិកភូមិ ព្រមទាំងប្រជាពលរដ្ឋ មួយចំនួនទៀត នៃភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងសកម្មភាពនេះដែរ លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទួលសង្កែទី១ បានសង្កត់ធ្ងន់មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាសហការរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបអាចធ្វើឱ្យមូលដ្ឋានធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អ ដែលសំដៅដល់ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់លក្ខណៈសម្បត្តិរបស់ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧ចំណុច រួមមាន៖ ១-ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣-មានសណ្តាប់ធ្នាប់ សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព, ៦-មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ, ៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕







