(ភ្នំពេញ)៖ នៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ មានរៀបចំពិធីជួបសំណេះសំណាល នៃការពង្រឹងបន្ថែមទៀត លើការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី ដែលស្ថិតក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីគណៈអភិបាលរងខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន និងអនុប្រធានតាមបណ្ដាការិយាល័យជំនាញរដ្ឋបាលខណ្ឌ មន្ត្រីខណ្ឌ-សង្កាត់ និងមេភូមិទាំង៦៦ ព្រមទាំងប្រជាពលរដ្ឋមកពីតាមបណ្ដាភូមិនានា ជាច្រើននាក់ទៀត។
នៅក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទីភារកិច្ច ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈទាំងឡាយ ឱ្យបានល្អប្រសើរបន្ថែមទៀត ពិសេសការដោះស្រាយបញ្ហាប្រឈមនានា ត្រូវបានលើកយកមកអនុវត្តជាបន្តបន្ទាប់ និងជាជំហ៊ានៗ ដែលជាក្ដីកង្វល់នៅក្នុងភូមិនីមួយៗ របស់បងប្អូនប្រជាពលរដ្ឋ៕

















