រំលឹកសារសំឡេង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា «ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច» រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា (ហាងកាហ្វេរ៉ូមេនទិច) ស្ថិតនៅក្បែរភ្លើងស្តុបគីឡូម៉ែត្រលេខ៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បាននឹងកំពុងបើកចំហរទទួលភ្ញៀវរាប់ខែ និងរាប់ឆ្នាំមកហើយ ចាប់ពីម៉ោង០៩៖០០នាទីព្រឹក រហូតដល់ម៉ោង០៦ល្ងាច ដោយមានបង្កប់ទៅដោយល្បែងស៊ីសងល្មើសច្បាប់៣ប្រភេទផ្សេងៗគ្នា ដូចជា កត់កន្ទុយលេខវៀតណាម ជល់មាន់តាមអនឡាញ និងឆ្នោតឡូតូអនឡាញ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មាន សូមសំណូមពរដល់លោកអភិបាលខណ្ឌឬស្សីកែវ លោកអធិការនគរបាលខណ្ឌ លោកចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ មេត្តាជួយចុះត្រួតពិនិត្យ និងឈានទៅចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុងផង? នូវល្បែងស៊ីសងល្មើសច្បាប់ ដែលបង្កប់នៅក្នុង (ហាងកាហ្វេរ៉ូមេនទិច) ដែលជាដើមចមនៃការបង្កឲ្យកើតមានឡើងនូវអំពើចោរកម្ម ដូចជាអំពើ លួច ឆក់ ប្លន់ ជាដើម ក្នុងការទប់ស្កាត់ ដើម្បីធានានូវសណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងមូលដ្ឋាន សម្រាប់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ដិភាពទាំង៧ចំណុច ក៏ដូចជាការដាក់ចេញ នូវសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ជាពិសេស សារសំឡេងរម្លឹករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។ នៅក្នុងសារាចរណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋ ឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។
នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ ដូចខាងក្រោម៖
១-ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ២-ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ៣-ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៤-គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ៥-រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំខាងលើនេះ។ ទទួលបានសារាចរណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបុគ្គលពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសារាចរណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ខាងក្រោមនេះ ជាសារាចរណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖