ខ្លាសអាស៊ីធីវី

កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះបិទទីតាំងល្បែងជល់មាន់មួយកន្លែង នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក្រោយទទួលបានបទបញ្ជារបស់អភិបាលខណ្ឌ និងសំណូមពរពលរដ្ឋ

ពីនេះពីនោះ
ចុះថ្សាយថ្ងៃ​អង្គារ ១៥-កក្កដា-២០២៥
ម៉ោង១០:៥៧នាទី និង០៥វិនាទីព្រឹក

(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ តំណាងលោក ម៉ៅ វណ្ណា ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ បានដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទ ចុះធ្វើកិច្ចសន្យាបិទទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែង ដែលលួចបើកល្មើសច្បាប់ និងបង្កការរំខានដល់អ្នកក្បែរខាង បន្ទាប់ពីទទួលបានបទបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌឬស្សីកែវ និងជាពិសេសបទបញ្ជាពីសំណាក់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

សកម្មភាពខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងសេចក្ដីរាយការណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានទីតាំងចុះពីផ្លូវជាតិលេខ៥ ប្រហែល៥០ម៉ែត្រ នៅខាងក្រោយពន្លាជ័យ គ្រឿងសង្ហារឹម ក្បែរឃ្លាំងសាំងសាវីម៉ិច ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានបណ្ដាញសារព័ត៌មានមួយចំនួន និងបណ្ដាញសង្គម បានចេញផ្សាយថា មានសម្លេងឡើងខ្ទរខ្ទារពីផ្ទះមួយរំលងទៅផ្ទះមួយទៀត ថាខៀវ-ក្រហម ឫក្រហម-ខៀវ នោះគឺជាការប្រមូលផ្ដុំគ្នាស្រែកភ្នាល់ចាក់មាន់តាមអនឡាញ ដែលលួចបើកដំណើរការដោយមេល្បែងល្មើសច្បាប់ និងគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ មានទីតាំងចុះពីផ្លូវជាតិលេខ៥ ប្រហែល៥០ម៉ែត្រ នៅខាងក្រោយពន្លាជ័យ គ្រឿងសង្ហារឹម ក្បែរឃ្លាំងសាំងសាវីម៉ិច ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយការបើកទីតាំងល្បែងជល់មាន់តាមអនឡាញល្មើសច្បាប់មួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មាន និងបណ្ដាញសង្គមផ្សព្វផ្សាយផ្សេងៗទៀត និងស្នើសុំមិនបញ្ចេញឈ្មោះ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកចៅសង្កាត់, លោកនាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាជួយសហការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ក្នុងការចូលរួមបង្ការទប់ស្កាត់ទាន់ពេលវេលា នូវរាល់បទល្មើសផ្សេងៗ ដែលផ្ដើមចេញពីល្បែងស៊ីសង ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ក្នុងការធានាដល់សន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលជាគោលដៅចង់បាន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

សំណូមពរនេះដែរ ត្រូវបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ទាំងការបង្ក្រាបដោយផ្ទាល់ និងតាមអនឡាញ សម្រាប់ល្បែងផ្សងសំណាងល្មើសច្បាប់គ្រប់ប្រភេទ នូវសេចក្ដីណែនាំ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសំខាន់ប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា សម្រាប់រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ គេតែងសង្កេតឃើញថា បានយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសទីតាំងល្បែងល្មើសច្បាប់ទាំងឡាយ តាមលិខិតនៃសេចក្ដីណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្ដាខណ្ឌទាំង១៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម ឃួង ស្រេង និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាពិសេស សារសំឡេងរម្លឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕

https://api.whitetigertv-asia.com/uploads/images/1752576955541-photo_2025-07-15_17-55-21.jpghttps://api.whitetigertv-asia.com/uploads/images/1752577008846-photo_2025-07-15_17-56-43.jpghttps://api.whitetigertv-asia.com/uploads/images/1752577021375-photo_2025-07-15_16-32-07.jpghttps://api.whitetigertv-asia.com/uploads/images/1752577021377-photo_2025-07-15_16-32-13.jpghttps://api.whitetigertv-asia.com/uploads/images/1752577021378-photo_2025-07-15_16-37-18.jpghttps://api.whitetigertv-asia.com/uploads/images/1752577021378-photo_2025-07-15_16-37-23.jpghttps://api.whitetigertv-asia.com/uploads/images/1752577021379-photo_2025-07-15_16-37-28.jpghttps://api.whitetigertv-asia.com/uploads/images/1752577021379-photo_2025-07-15_16-37-33.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី